ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា អ៊ីស្រាអែលបានវាយប្រហារទៅអ៊ីរ៉ង់ សំដៅមជ្ឈមណ្ឌលនុយក្លេអ៊ែរ ហើយនិងព្រលានយន្តហោះអ៊ីរ៉ង់ នៅថ្ងៃសុក្រទី១៩មេសា និងថា ការវាយប្រហារផ្លូវអាកាសនេះជាការសងសឹកឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល កាលពីថ្ងៃទី១៣-១៤មេសា។ ផ្ទុយទៅវិញ ភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់មួយចំនួន ព្យាយាមអះអាងថា គ្មានការវាយប្រហារអ្វីឡើយលើទឹកដីអ៊ីរ៉ង់ ហើយសារព័ត៌មានខ្លះទៀត បញ្ជាក់ថា មានសំឡេងផ្ទុះ តែគ្មានការខូចខាតអ្វីទេ។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ ចេញមុខអះអាងថា សេចក្តីរាយការណ៍របស់បណ្តាញផ្សព្វផ្សាយអាមេរិក ពុំត្រឹមត្រូវទេ។ ចំណែកឯ រដ្ឋាភិបាលអ៊ីស្រាអែល រក្សាភាពស្ងៀមស្ងាត់ ដោយមិនបញ្ជាក់ថាជាស្នាដៃខ្លួន ហើយក៏មិនបដិសេធចោលដែរ។
នៅអ៊ីរ៉ង់ មានសំឡេងផ្ទុះ៣ នៅលើអាកាស ក្នុងខេត្ត អ៊ីស្បាហាំង ប៉ែកកណ្តាលប្រទេសអ៊ីរ៉ង់។ ទីតាំងនោះ ជាមូលដ្ឋានយោធាអ៊ីរ៉ង់ Qahjavarestan និងកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ផលិតថាមពលនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ហើយនិងមានព្រលានយន្តហោះផង។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាមេរិក ជាច្រើនសុទ្ធតែអះអាងព្រមគ្នាថា មីស៊ីលអ៊ីស្រាអែលជាច្រើនគ្រាប់ វាយប្រហារទៅលើមូលដ្ឋានយោធាអ៊ីរ៉ង់ ជាការសងសឹក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាមេរិក CNN និង ទីភ្នាក់ងារព័ត៌មានអូស្ត្រាលី ABC News ។ ទន្ទឹមនឹងសំឡេងផ្ទុះនោះ ប្រព័ន្ធរ៉ាដាររបស់ក្រសួងការពារជាតិស៊ីរី ក៏ផ្តល់ដំណឹងព័ត៌មានពីការវាយប្រហារលើដែនអាកាសអ៊ីរ៉ង់ដែរ។
កាសែតអាមេរិក The New York Times បានស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ដែលបញ្ជាក់ថា មានការវាយប្រហារផ្លូវអាកាស បង្កឡើងពីយន្តហោះដ្រូនតូចៗ ហើយទំនងជាបញ្ជាហោះចេញពីទឹកដីអ៊ីរ៉ង់ខ្លួនឯង។ ប្រព័ន្ធខែលការពារដែនអាកាសនិងនៅព្រំដែន គ្មានចាប់សញ្ញាពីការវាយប្រហារហោះហើរឆ្លងព្រំដែននោះដែរ។ កាសែតអាមេរិកមួយទៀត The Washington Post បានស្រង់ប្រភពពី មន្ត្រីអ៊ីស្រាអែល ដែលសុំលាក់ឈ្មោះ ទៅប្រកាសឲ្យដឹងថា ការវាយប្រហារលើកនេះ ជាការសងសឹកចំពោះទង្វើគឃ្លើនរបស់អ៊ីរ៉ង់ដែលបាញ់ប្រហារតាមផ្លូវអាកាស ទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី១៣មេសា ហើយនិងបញ្ជាក់ទៀតថា អ៊ីស្រាអែល មានសមត្ថភាពវាយបកតបតខ្លាំងណាស់ និង អាចបញ្ជាការវាយប្រហារចេញពីទឹកដីអ៊ីរ៉ង់តែម្តង។
អ្នកតំណាងរាស្ត្រអ៊ីស្រាអែលមួយរូប លោកស្រី Tally Gotliv មកពីបក្សកាន់អំណាចលីគួដ របស់លោកនាយករដ្ឋមន្ត្រី បេនចាមិន នេតាន់យ៉ាហ៊ូ បានកោតសរសើរតាមបណ្តាញសង្គមX ដោយសម្តែងក្តីមោទនភាពចំពោះហេតុការណ៍ដែលបានកើតឡើងនេះ ថា អ៊ីស្រាអែលពិតជាខ្លាំងក្លា ខ្លាំងពូកែមែន។
កាសែតជាច្រើនអះអាងថាគ្មានការវាយប្រហារទេ ហើយពិសេស សារព័ត៌មានអ៊ីរ៉ង់ ខ្លួនឯងតែម្តង។
ទីភ្នាក់ងារព័ត៌មានReuters របស់អង់គ្លេស បានប្រភពពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ ប្រកាសនៅថ្ងៃសុក្រថា សំឡេងផ្ទុះនៅខេត្តអ៊ីស្បាហាំង បណ្តាលមកពីការបើកដំណើរការប្រព័ន្ធការពារដែនអាកាសតែប៉ុណ្ណោះ និងបញ្ជាក់ទៀតថា គ្មានការវាយប្រហារមីស៊ីលណាមួយលើអ៊ីរ៉ង់នោះឡើយ។
ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់មួយឈ្មោះថា Tasnim អះអាងថា បានទទួលព័ត៌មានពីប្រភពច្បាស់ការ និងគួរឲ្យទុកចិត្តបាន ដែលបញ្ជាក់ថា អ៊ីរ៉ង់គ្មានរងការវាយប្រហារពីកម្លាំងបរទេស ណាឡើយ។
ជាការពិត ការផ្ទុះនោះ ព្រោះតែមានការបាញ់កម្ទេចកូនយន្តហោះដ្រូនតូចៗ និងមិនមែនជាមីស៊ីលឡើយ។ មេបញ្ជាអ៊ីរ៉ង់ Siavosh Mihandoust ប្រចាំនៅខេត្ត អ៊ីស្បាហាំង ត្រូវបណ្តាញព័ត៌មានអ៊ីរ៉ង់ ស្រង់សម្តីអះអាងថា អ៊ីរ៉ង់គ្មានខូចខាតអ្វីឡើយ។
ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់មួយទៀត ឈ្មោះថា Irna ក៏សង្កត់ធ្ងន់ដែរថា នៅខេត្ត អ៊ីស្បាហាំង មានសុខសុវត្ថិភាពល្អ និងគ្មានសញ្ញាណគ្រោះថ្នាក់អ្វីបានប្រកាសឲ្យដឹង និងគួរឲ្យខុសប្រក្រតីសោះ។ ព្រលានយន្តហោះនៅក្នុងខេត្តវិញ គ្រាន់តែបានផ្អាកដំណើរការមួយរយៈខ្លីប៉ុណ្ណោះ ហើយបានចាប់ផ្តើមដំណើរការឡើងវិញ។
ជាផ្លូវការ ទាំងរដ្ឋាភិបាលអ៊ីស្រាអែល និងទាំងទីបញ្ជាការយោធាអ៊ីស្រាអែល គ្មានបញ្ជាក់ ហើយក៏មិនច្រានចោលថាជាស្នាដៃរបស់ខ្លួនដែរ។ ចំណែកភាគីសហរដ្ឋអាមេរិក រដ្ឋមន្រ្តីក្រសួងការបរទេស លោក អង់តូនី ប្ល៊ីងកិន បានអះអាងប្រាប់អ្នកកាសែតថា សហរដ្ឋអាមេរិកគ្មានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ផ្ទុះនៅអ៊ីរ៉ង់សោះឡើយ។ ប្រមុខការទូតអាមេរិក សូមមិនអត្ថាធិប្បាយទៅលើព័ត៌មានដែលបណ្តាផ្សព្វផ្សាយអាមេរិកបានចុះផ្សាយឡើយ។ លោក អង់តូនី ប្ល៊ីងកិន គ្រាន់តែសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនិងក្រុមប្រទេសហ្សេ៧ នឹងសហការគ្នា ក្នុងគោលបំណងតែ១ ជំរុញឲ្យស្ថានការណ៍បានធូរស្រាលទៅវិញ។
ភាគីអ៊ីរ៉ង់ ទាំងរដ្ឋាភិបាលក្រុងតេហេរ៉ង់ និងទាំងថ្នាក់ដឹកនាំរបបឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏រក្សាភាពស្ងៀមស្ងាត់។ ក្នុងដំណើរទស្សនកិច្ចនៅខេត្តប៉ែកឥសានប្រទេស នៅថ្ងៃសុក្រ ទី១៩មេសា ប្រធានាធិបតីអ៊ីរ៉ង់ នៅអេប្រាហ៊ីម រ៉ៃស៊ី បានថ្លែងសុន្ទរកថា១តែពុំបានលើកឡើងសូម្បីតែមួយម៉ាត់សោះអំពីហេតុការណ៍ផ្ទុះ។
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ អះអាងបន្ថែមថា ព័ត៌មានសេចក្តីរាយការណ៍របស់បណ្តាញផ្សព្វផ្សាយអាមេរិក ពុំត្រឹមត្រូវទេ។
សហគមន៍អន្តរជាតិ អំពាវនាវឲ្យបញ្ឈប់ល្បែងសងសឹកគ្នាដ៏គ្រោះថ្នាក់
ទីភ្នាក់ងារថាមពលអន្តរជាតិ AIEA របស់អង្គការសហប្រជាជាតិ បានថ្លែងអំពាវនាវឲ្យភាគីនីមួយៗបង្កើនភាពអត់ធ្មត់។ ទីភ្នាក់ងារថាមពលអន្តរជាតិ AIEA បានទាក់ទងសហការីនៅមូលដ្ឋាន ហើយនិងបានបញ្ជាក់ថា គ្មានការខូចខាតអ្វីពិតមែននៅទីតាំងមជ្ឈមណ្ឌលនុយក្លេអ៊ែរ នៅខេត្តអ៊ីស្បាហាំង។ ទោះជាយ៉ាងនេះក្តី AIEA ព្រមានថា កុំឲ្យកើតមានរឿងបែបនេះបន្តទៀត ហើយនិងថា មិនត្រូវយកកន្លែងចម្រាញ់ថាមពលបរមាណូ និងមជ្ឈមណ្ឌលនុយក្លេអ៊ែរដូច្នេះ ជាផ្ទាំងស៊ីប ក្នុងជម្លោះប្រដាប់អាវុធសោះឡើយ ព្រោះវាជាមហាគ្រោះថ្នាក់ធ្ងន់។
ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បានប្រកាសឲ្យភាគីទាំងឡាយទាំងពួងនៅតំបន់ដើមបូព៌ា ត្រូវនៅឲ្យស្ងៀម កុំបង្កសកម្មភាពថ្មីអ្វីថែមទៀត។ អ៊ីតាលី ប្រធានផ្លាស់វេនប្រទេសមានសេកិច្ចជឿនលឿន ហ្សេ៧ តាមរយៈរដ្ឋមន្ត្រីការបរទេស បានស្នើឲ្យគ្រប់ភាគីជៀសវៀងឲ្យបាន នូវការប្រឈមមុខដាក់គ្នា និងត្រូវបន្ធូរបន្ថយស្ថានការណ៍ កុំឲ្យធ្លាក់ដុបដាបជ្រុលជាងនេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរស៍ តាមរយៈអ្នកនាំពាក្យ បានថ្កោលទោសការវាយប្រហារសងសឹកគ្នានៅក្នុងតំបន់ដើមបូព៌ា និងអំពាវនាវឲ្យបញ្ចប់ល្បែងសងសឹកគ្នាទៅវិញទៅមក មិនចប់មិនចេះហើយនិងដ៏គ្រោះថ្នាក់នេះចោលទៅ។
ប្រទេសចិន តាមរយៈអ្នកនាំពាក្យការទូតចិន លីន ឈាន់ បានអះអាងថា ចិនជំទាស់រាល់សកម្មភាពទាំងឡាយណាដែលជំរុញឲ្យស្ថានការណ៍ធ្លាក់ក្នុងភាពតានតឹងកាន់តែខ្លាំង ហើយរដ្ឋអំណាចចិននឹងបន្តដើរតួជួយបន្ធូរភាពតានតឹង។ រដ្ឋាភិបាលក្រុងប៉េកាំង ក៏អំពាវនាវពលរដ្ឋខ្លួនដែលស្នាក់នៅអ៊ីរ៉ង់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់។
ចំណែករុស្ស៊ី អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានប្រកាសលើកទឹកចិត្តឲ្យភាគីជម្លោះ ខំប្រឹងអត់ធ្មត់សង្កត់ចិត្ត និងកុំបង្កការញុះញ៉ុងបង្កស្ថានភាពឲ្យក្តៅធ្ងន់ធ្ងរឡើយ។ ឆ្លៀតពេលនេះ រុស្ស៊ី ដែលជាមិត្តជិតស្និទ្ធនឹងអ៊ីរ៉ង់ បានបង្ហើរផ្ញើសារទៅកាន់អ៊ីស្រាអែល ថា អ៊ីរ៉ង់គ្មានចង់ឲ្យសភាពការណ៍ ធ្លាក់ជ្រុលទៅធ្ងន់ធ្ងន់ទេ ៕