ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើផែន​​ការរំសាយអាវុធក្រុមហាម៉ាសទាំងស្រុង អាចសម្រេច​ទៅរួចដែរឬទេ?


Listen Later

២សប្តាហ៍​ហើយ ដែល​កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា បានចូលជាធរមាន។ ថ្វីបើ​គេសង្កេតឃើញថា ដំណាក់កាលទី​១នៃ​​បទឈប់បាញ់នេះ ហាក់បានដំណើរការទៅតាមអ្វីដែលគ្រោងទុក​ តែអ្វីដែល​គេកំពុងតែព្រួយបារម្ភ គឺដំណាក់កាលបន្ទាប់ ទាក់ទិននឹងការរំសាយអាវុធទាំងស្រុងរបស់​ក្រុមហាម៉ាស ព្រមទាំង​ការរៀបចំ​គ្រប់គ្រងតំបន់ហ្កាហ្សា​ ទៅថ្ងៃអនាគត។ គិតត្រឹមពេលនេះ ក្រុម​ហាម៉ាសបាន​បន្តបដិសេធមិន​រំសាយ​អាវុធជាដាច់ខាត​។ អ្នកជំនាញ និងសូម្បីតែលោក​អនុប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានទទួលស្គាល់ដែរ ថា​ផែនការ​រំសាយ​អាវុធរបស់​ក្រុមហាម៉ាស​​ទាំងស្រុង វាគឺជារឿងមួយលំបាកស្មុគស្មាញណាស់។

កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្កាហ្សា ក្រោម​ការ​ជ្រោមជ្រែងចាត់ចែងដោយ​លោកដូណាល់ ត្រាំ បានចូលជា​ធរមានបាន​២សប្តាហ៍ហើយ​។ មិនមានបញ្ហាចោទធំដុំទេ នៅក្នុងការអនុវត្ត​ដំណាក់កាលទី១​នៃកិច្ចព្រមព្រៀងនេះ ដោយ​ក្រុម​ហាម៉ាស បានដោះលែងចំណាប់ខ្មាំង​នៅរស់​​ទាំងអស់​២០​នាក់ និងបាន​ប្រគល់សាកសពចំណាប់ខ្មាំងបានចំនួន​១៥សព​ហើយ​ គិតត្រឹមថ្ងៃទី​២៣តុលា​។

តែអ្វីដែលគេកំពុងព្រួយបារម្ភបំផុត​នោះ គឺដំណាក់កាលទី​២នៃ​កិច្ចព្រមព្រៀង ដែល​ពាក់ព័ន្ធនឹងការ​រំសាយ​អាវុធទាំង​ស្រុង​របស់​​ក្រុម​ហាម៉ាស។ វាគឺជាលក្ខខណ្ឌដ៏ចាំបាច់បំផុត ដើម្បីធានាសន្តិភាព​ទៅថ្ងៃអនាគត​​។ រហូតមកទល់ពេលនេះ ក្រុមហាម៉ាស​​បានបដិសេធថា គេនឹងមិនទម្លាក់អាវុធ​ចោលជាដាច់ខាត​។ ការតស៊ូដោយ​កម្លាំងអាវុធ វាគឺជាសរសៃឈាម ជាឫសកែវរបស់​ក្រុមអ៊ីស្លាមជ្រុលនិយមនេះ តាំងតែពីពេលចាប់កំណើតដំបូង​។

ប្រមូលអាវុធ និង​កម្ទេចរចនាសម្ព័ន្ធយោធារបស់​ក្រុមហាម៉ាស​

លោក David Rigoulet-Roze អ្នកស្រាវជ្រាវនៅ​វិទ្យាស្ថាន​​វិភាគ​​យុទ្ធសាស្ត្របារាំង បានពន្យល់ថា​ ​នៅ​ក្នុង​ផែនការសន្តិភាពរបស់​លោកដូណាល់ ត្រាំ គឺ​គេបានបែងចែងដាច់ស្រលះពីគ្នា រវាង​ “ការ​ប្រមូលអាវុធ” ​ពីដៃក្រុមអាម៉ាស និង “​ការ​កម្ទេច​រចនាសម្ព័ន្ធយោធា” របស់ក្រុមហាម៉ាស។ ការ​ប្រមូលអាវុធ គឺមានន័យថា​​ក្រុមហាម៉ាស​​មានកាតព្វកិច្ច​ប្រគល់គ្រឿងសព្វាវុធទាំងអស់ ដោយ​មានការ​​ឃ្លាំមើលពីអន្តរជាតិ​។ រី​ឯ​ការ​កម្ទេច​រចនាសម្ព័ន្ធយោធា​​​វិញ​ គឺសំដៅទៅដល់ការ​កម្ទេចចោលទាំងស្រុង នូវហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស ដែល​មានដូចជាបណ្តាញផ្លូវ​​រូងក្រោមដី ទីតាំងស្តុក​អាវុធ និង​​ទីតាំងផលិត​អាវុធ​ជាដើម។ ផែនការសន្តិភាពបាន​កំណត់ផងដែរ ថា​មិនយកទោសពៃទេ​ ចំពោះសមាជិកក្រុមហាម៉ាស ដែលស្ម័គ្រចិត្តរួមរស់ដោយសន្តិភាព ឬក៏ចង់​ភៀសខ្លួនទៅរស់នៅបរទេស​​​។

តែទន្ទឹមគ្នានេះ ​កិច្ចព្រមព្រៀងនេះមានខ្លឹមសារ​មិនច្បាស់លាស់ទេ​ ទាក់ទិននឹង “អ្នក​សង្កេតការណ៍​ឯករាជ្យ” ដែលមាន​តួនាទី​​​តាមដានការប្រមូលអាវុធ។ គិតមកទល់ពេលនេះ គ្មានការបញ្ជាក់ណាមួយ ថាក្រុមអ្នកសង្កេតការណ៍​ឯករាជ្យនោះ ជានរណា មកពីណាទេ។​ ​អ្នកវិភាគខ្លះ បានលើកឡើងថា ក្រុមអ្នកសង្កេតការណ៍​ឯករាជ្យ អាច​ជា​តំណាង​របស់ភាគីអេហ្ស៊ីប ព្រោះថាអេហ្ស៊ីបមានទំនាក់ទំនងល្អជាមួយ​អ៊ីស្រាអែល ហើយក៏ស្គាល់តំបន់​ហ្កាហ្សាច្បាស់​​។ តួកគីក៏អាចមានចំណែកចូលរួមដែរ នៅក្នុងការដាក់សំពាធ​ទៅលើ​ក្រុមហាម៉ាសឲ្យ​ប្រគល់អាវុធ​។

ក្រុមហាម៉ាស​សល់កម្លាំងសមាជិក​​និងអាវុធច្រើន​​

គួរកត់សំគាល់ថា ២ឆ្នាំក្រោយ​សង្គ្រាមនេះ​​ ក្រុមហាម៉ាស​នៅតែមានកម្លាំងដដែលទេ​នៅហ្កាហ្សា​ បើទោះបី​​សមត្ថភាព​ ប្រយុទ្ធបាន​ធ្លាក់ចុះខ្លាំង​​ក៏ដោយ។ ជាក់ស្តែង គ្រាន់តែ​​បទឈប់បាញ់ចូលជាធរមាន ភ្លាម​​ៗ​ ក្រុមហាម៉ាសបានចាប់មនុស្ស​ច្រើននាក់​មក​បាញ់សម្លាប់ចោលនៅតំបន់ហ្កាហ្សា ដោយចោទថាជាជនក្បត់​ឃុបឃិតជាមួយអ៊ីស្រាអែល។ មុនថ្ងៃ​៧តុលា​២០២៣ ក្រុមហាម៉ាសមានសមាជិកសកម្ម ចន្លោះពី២៥០០០ ទៅ​៣០០០០នាក់។ តួលេខខ្លះ​ អះអាងថា២ឆ្នាំមកនេះ ក្រុមហាម៉ាសបានស្លាប់​សមាជិក អស់​ខ្ទង់​ពី៨០០០ទៅ ១២០០០នាក់​។

មិនត្រឹមប៉ុណ្ណោះទេ ក្រុមហាម៉ាសនៅមាន​សល់ គ្រឿងសព្វា​វុធចម្រុះច្រើនប្រភេទ មានទាំង​​​គ្រាប់រ៉ូកែត និងដ្រូន​កែច្នៃ​ ​​​។ អង្គការ Small Arms Survey មានទីតាំង​នៅស្វ៊ីស ធ្លាប់បាន​អះអាងនៅឆ្នាំ​២០១៨​ថា ក្រុមហាម៉ាសមានសមត្ថភាពជាយូរឆ្នាំមកហើយ ក្នុងការ​​កែច្នៃសម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ ផលិ​តជា​គ្រាប់រ៉ូកែត​និងអាវុធមួយ​ចំនួន។ មុនអ៊ីស្រាអែលបិទខ្ទប់តំបន់​ហ្កាហ្សា​​ទាំងស្រុង ក្រុមហាម៉ាសធ្លាប់បាន​នាំ​យកគ្រឿងផ្សំ​ផលិត​អាវុធ ចូលមកក្នុងតំបន់ហ្កាហ្សា ដោយដឹកចូលតាមសមុទ្រ និងចូលតាមរូងក្រោមដី ដែលគេជីកចេញទៅដល់​​តំបន់ស៊ីណៃរបស់​អេហ្ស៊ីប។ អេហ្ស៊ីបធ្លាប់បានអះអាងថាគេបានកម្ទេចរូងក្រោមដី​ទាំងនោះ បានមួយចំណែកធំ រវាងពីឆ្នាំ​២០១៣ដល់​២០១៩។ តែ​​អ៊ីស្រាអែល​​បានអះអាងច្រើនលើក ថា​រូងក្រោមដី​ខ្វាត់ខ្វែងរបស់ក្រុមហាម៉ាស​​ នៅតែ​ប្រើការបានយ៉ាងសកម្ម​​ដដែលទេ​។

ក្រោយថ្ងៃ៧តុលា​ កងទ័ពអ៊ីស្រាអែល​បាន​បើក​ការវាយកម្ទេច ​បណ្តាញរូងក្រោមដី​មួយបណ្តាញ​​​​ទៀត ដែល​ក្រុមហាម៉ាស​បានប្រើប្រាស់​ដើម្បី​លាក់ចំណាប់ខ្មាំង លាក់ទុក​អាវុធ​​ ផ្គុំអាវុធ នឹង​ដឹកជញ្ជូនអាវុធពេញក្នុងតំបន់​ហ្កាហ្សា។ ​អ៊ីស្រាអែលអះអាងថា ផ្លូវក្រោមដី​នេះអាចមានប្រវែងសរុបយ៉ាងហោច​​​​៥០០​គីឡូម៉ែត្រ។ ការកម្ទេចរូង​ក្រោម​ដី​ដ៏ខ្វាត់ខ្វែងរបស់ក្រុមហាម៉ាស វាគឺជាលក្ខខណ្ឌ​​​ដ៏សំខាន់មួយ​​ សម្រាប់ធានាឲ្យភាគីអ៊ីស្រាអែល​បាន​​ស្ងប់ចិត្ត​​។​

សង្គ្រាមអាចផ្ទុះសាជាថ្មី​

គួររំលឹកថា​ មេក្រុមហាម៉ាសម្នាក់​ធ្លាប់​បាន​អះអាងនៅថ្អៃទី​១១តុលា​ថា ចំណុចទាក់ទិននឹងការប្រគល់អាវុធ ដែលគេនាំគ្នានិយាយគ្រាប់ម៉ាត់​នោះ គឺក្រុមហាម៉ាសមិនសុខចិត្តទទួលយកជាដាច់ខាត​។ បើក្រុមហាម៉ាសនៅតែរឹងទទឹង មិនប្រគល់អាវុធ ​មិនព្រមប្រគល់ផែនទីរូងក្រោមដី​ដើម្បី​ឲ្យគេវាយ​​កម្ទេចទេនោះ មានន័យថាដំណាក់កាលទី​២នៃផែនការសន្តិភាព ប្រាកដជាត្រូវជាប់គាំងហើយ។ កាលពីថ្ងៃទី​១៤តុលា​ លោកដូណាល់ ត្រាំ ធ្លាប់បានប្រកាសគំរាមថា​ បើក្រុមហាម៉ាសមិនព្រមប្រគល់អាវុធទេ នោះលោក​នឹងបញ្ជា​ឲ្យ​កម្លាំង​ចូលទៅប្រមូល ដោយ​ប្រើធម៌ក្តៅ តែមួយ​ភ្លែតរួច​រាល់ភ្លាម​។

ដោយឡែក មាន​មតិ​មួយចំនួន​បាន​ស្នើថា ​ដំណើរការ​រំសាយ​អាវុធ​អាចប្រព្រឹត្តិទៅជាដំណាក់ៗ​។ ជាបឋម គឺ​ក្រុមហាម៉ាស ត្រូវប្រគល់គ្រាប់មីស៊ីល និង​គ្រាប់រ៉ូកែត មុននឹងប្រគល់​អាវុធធុនស្រាល​។ ហើយចង់ឲ្យ​មានការទុកចិត្តគ្នា គឺទាល់តែអាវុធ​ប្រមូល​បាន ត្រូវយកទៅទុកនៅទីតាំងមាន​ការ​កត់​បញ្ជី និងយាម​ត្រួតពិនិត្យ​ឲ្យបាន​ម៉ដ្ឋចត់​បំផុត​​។ តែ​គ្មាននរណាម្នាក់ហ៊ានអះអាងទេ ថាក្រុមហាម៉ាសនឹងសុខចិត្ត​សហការ​​។​ បើគ្មានការសហការពីសំណាក់​ក្រុម​ហាម៉ាសទេ គឺមានន័យថាសង្គ្រាម​អាចនឹងផ្ទុះសាជាថ្មី​។ សម្រាប់​ លោក​ David Rigoulet-Roze គឺថាទោះបីក្រុមហាម៉ាស​ដឹងខ្លួន​ច្បាស់​ថា​គ្មាន​ជម្រើស​ផ្សេងក៏ដោយ តែក្រុម​នេះនឹងមិន​​​សុខចិត្តប្រគល់​អាវុធ​ជាដាច់ខាត​ ព្រោះវាមានន័យថាក្រុមហាម៉ាស សុខចិត្តលុតជង្គង់ចុះចាញ់​​។ ​

គួរបញ្ជាក់ដែរថា កាលពី​​ថ្ងៃទី​២២តុលា លោក JD Vance អនុប្រធានាធិបតីអាមេរិក​​ដែល​បានធ្វើដំណើរទៅអ៊ីស្រាអែល បានទទួលស្គាល់ថា ផែនការឈានទៅ​​រំសាយអាវុធទាំងស្រុងរបស់ក្រុមហាម៉ាស ដើម្បី​កុំ​ឲ្យ​ក្រុម​នេះ​អាចគំរាមសន្តិសុខអ៊ីស្រាអែលទៅថ្ងៃអនាគត វាពិតជារឿងស្មុគស្មាញ​ និង​មានឧបសគ្គច្រើន។ តែយ៉ាងណាក៏ដោយ គេសង្កេតឃើញថា​ រដ្ឋបាល​របស់​លោកដូណាល់ ត្រាំ បានបញ្ជូនមនុស្សទៅអ៊ីស្រាអែលជាបន្តបន្ទាប់ ហាក់ដូចជាចង់​តាមទប់ និងតាមឃ្លាំមើលអ៊ីស្រាអែល។ អាមេរិក​ចង់​ឲ្យអ៊ីស្រាអែល​​ប្រឹងប្រែងអត់ធ្មត់ ដើម្បី​​កុំ​ឲ្យ​កិច្ចព្រមព្រៀង​សន្តិភាព ដែលលោកត្រាំខំប្រកាសអួតប្រាប់គេពេញពិភពលោកនេះ ត្រូវរលាយ​ក្លាយជាក្រដាសឥតន័យ​៕​

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
Learn Chinese | ChineseClass101.com by ChineseClass101.com

Learn Chinese | ChineseClass101.com

149 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

12 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners