នៅថៃ រដ្ឋាភិបាលថ្មីរបស់លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ បានស្បថចូលកាន់អំណាច កាលពីថ្ងៃសុក្រទី៦កញ្ញាកន្លងទៅ។ លោកស្រី ភែថងថាន គឺជាមនុស្សទី៣ហើយ នៃវង្សត្រកូលស៊ីណាវ៉ាត្រ ដែលដឹកនាំរដ្ឋាភិបាលថៃ។ ប្រមាណជាង២០ឆ្នាំមកនេះ ក្រុមគ្រួសារត្រកូលស៊ីណាវ៉ាត្រ មិនបានទៅណាឆ្ងាយឡើយ ពីឆាកនយោបាយថៃ ហើយបន្តមានឥទ្ធិពលជានិច្ច ទៅលើជីវិតនយោបាយថៃ បើទោះបីជាមានព្យុះឧបសគ្គរារាំងយ៉ាងណា។
មុនលោកស្រី ភែថងថាន មនុស្សក្នុងវង្សត្រកូលស៊ីណាវ៉ាត្រ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ចំនួន២នាក់រួចមកហើយ។ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ ឪពុករបស់លោកស្រីភែថងថាន គឺជានាយករដ្ឋមន្ត្រីចន្លោះពីឆ្នាំ២០០១ ដល់២០០៦។ ចំណែកលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ប្អូនស្រីរបស់លោកថាក់ស៊ីន កាន់មុខតំណែងនេះពីឆ្នាំ២០១១ដល់២០១៤។ នេះនៅមិនទាន់រាប់លោក សុមឆៃ វង់សាវ៉ាតផងទេ ដែលលោកគឺជាស្វាមីរបស់លោកស្រី យ៉ាវវ៉ាផា ស៊ីណាវ៉ាត្រ វង់សាវ៉ាត ប្អូនស្រីបង្កើតរបស់លោកថាក់ស៊ីន។ លោកសុមឆៃ វង់សាវ៉ាត អតីតប្រធានគណបក្សផាឡាំងប្រាឆាឈុន ធ្លាប់ឡើងធ្វើជានាយករដ្ឋមន្ត្រីថៃ បាន២ខែដែរនៅឆ្នាំ២០០៨។
គ្រួសារដ៏មានឥទ្ធិពលលើនយោបាយថៃ
របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញថៃ ដែលមានចំណាស់ជិតមួយសតវត្សមកហើយនេះ គឺគ្មានវង្សត្រកូលគ្រួសារណាមួយ ដែលអាចមានឥទ្ធិពលលើនយោបាយថៃ ដូចគ្រួសារស៊ីណាវ៉ាត្រឡើយ។ ហើយក៏គ្មាននរណាផ្សេងទៀត អាចមានឥទ្ធិពលធ្វើឲ្យប្រទេសថៃពុះចែកនិន្នាកាជាពីរ ដូចលោកថាក់ស៊ីនឡើយ។
នៅអំឡុងមុនឆ្នាំ២០០០ លោកថាក់ស៊ីន គឺជាអ្នកជំនួញដ៏មានប្រជាប្រិយភាព មុននឹងចូលមកដឹកនាំបក្សភឿថៃ ហើយបានឈ្នះឆ្នោតក្លាយជានាយករដ្ឋមន្ត្រី។ ការដឹកនាំបែបថ្មីរបស់លោក ត្រូវបានអ្នកវិភាគសំឡឹងឃើញថា មានលាយទៅដោយគំនិតសេរីនិយមផង និងប្រើអំណាចផ្តាច់ការលាយឡំផង។ លោកបានទទួលការគាំទ្រយ៉ាងខ្លាំង ជាពិសេសពីប្រជាជនថៃក្រីក្រនៅតាមជនបទ បន្ទាប់ពីលោកបានអនុវត្តផែនការនយោបាយជួយអ្នកក្រីក្រ ដែលរងការលំបាកក្រោយវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩៩៧។
តែទន្ទឹមនឹងនេះ គូប្រជែងនយោបាយរបស់លោកថាក់ស៊ីន ដែលសុទ្ធតែអ្នកមានអំណាចចាស់ឆ្នាំ ស្និទ្ធនឹងព្រះបរមរាជវាំង ស្និទ្ធនឹងក្រុមយោធាថៃ បានចោទថាលោកថាក់ស៊ីន គឺជាមនុស្សប្រជាភិថុត បោកប្រាស់ទិញទឹកចិត្តប្រជាជន ពុករលួយ និងគិតតែចំណេញក្នុងមុខជំនួញខ្លួន។ នៅឆ្នាំ២០០៦ ១ឆ្នាំបន្ទាប់ពីលោកកាន់អំណាចអាណត្តិទី២ ក្រុមយោធាអភិរក្សនិយម បានធ្វើរដ្ឋប្រហារទំលាក់លោក។ ការប្រឈមមុខដាក់គ្នារវាងក្រុមអភិរក្សនិយម និងក្រុមលោកថាក់ស៊ីន បានពុះចែកប្រទេសថៃជា២ អស់រយៈពេលជាច្រើនឆ្នាំ។ កំឡុងឆ្នាំ២០១០ បាតុកម្មហិង្សាប្រទូស្តរាយគ្នាយ៉ាងខ្លាំង រវាងក្រុមអាលឿងដែលគាំទ្រក្រុមអភិរក្សនិយម និងក្រុមអាវក្រហមដែលគាំទ្រលោកថាក់ស៊ីន។
ស្ងប់បន្តិចមក លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រ ប្អូនស្រីពៅរបស់លោកថាក់ស៊ីន បានឡើងធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០១១។ តែបានតែជាង២ឆ្នាំ រដ្ឋប្រហារយោធាថ្មីមួយទៀត បានទម្លាក់លោកស្រីពីតំណែងនៅខែឧសភាឆ្នាំ២០១៤។ ក្រុមយោធាថៃបានបន្តដឹកនាំប្រទេស រហូតដល់ឆ្នាំ២០២៣ មុននឹងបើកផ្លូវឲ្យមានការបោះឆ្នោតឡើងវិញ ហើយបានហុចឱកាស ឲ្យក្រុមគ្រួសារស៊ីណាវ៉ាត្រ ត្រលប់មកកៀកនឹងអំណាចសាជាថ្មី។
គ្រួសារស៊ីណាវ៉ាត្រ អាចត្រឡប់មកកាន់អំណាចវិញដោយរបៀបណា?
អ្វីដែលជាការកត់សំគាល់ ការវិលត្រលប់មកកាន់អំណាចរបស់គ្រួសារស៊ីណាវ៉ាត្រ នៅលើកនេះ គឺកើតឡើងដោយយុទ្ធសាស្ត្រចាប់ដៃជាមួយអតីតសត្រូវ ពោលគឺក្រុមយោធាថៃ។ រដ្ឋាភិបាលថ្មីរបស់លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ ដែលបានស្បថចូលកាន់អំណាចកាលពីថ្ងៃសុក្រទី៦កញ្ញាថ្មីៗនេះ គឺជារដ្ឋាភិបាលចម្រុះ កើតចេញពីការប្រមូលផ្តុំរវាងបក្សភឿថៃ និងបក្សតូចប្រមាណ១០គណបក្សទៀត។ ក្នុងចំណោមបក្សតូចៗទាំងនេះ គឺមានមនុស្សមួយចំនួន ត្រូវគេស្គាល់យ៉ាងច្បាស់ ថាមានទំនោរស្និទ្ធនឹងក្រុមយោធាថៃ។
សម្ព័ន្ធភាពរវាងបក្សភឿថៃ និងក្រុមយោធាអភិរក្សនិយម ដែលកាលពីអតីតកាល ធ្លាប់ជារឿងដែលមិនអាចទៅរួចនោះ បានលេចចេញជារូបរាងនៅរវាងឆ្នាំ២០២៣ ក្រោយការបោះឆ្នោតនៅខែឧសភា។ ការបោះឆ្នោតដែលផ្តល់លទ្ធផលជ័យជំនះដ៏គគ្រឹកគគ្រេង ជូនគណបក្សថ្មីមួយដឹកនាំដោយមនុស្សវ័យក្មេង គឺគណបក្ស Move Forward។ គណបក្សនេះបានទទួលការគាំទ្រខ្លាំងណាស់ ពិសេសពីសំណាក់យុវជនថៃ ដោយសារតែបក្សនេះមានគោលនយោបាយធ្វើកំណែទម្រង់ស៊ីជំរៅ បើកទំព័រសក្ករាជថ្មី បិទបញ្ចប់អំណាចផ្តាច់មុខរបស់ក្រុមអ្នកស្និទ្ធនឹងរាជវង្សឬក្រុមយោធា។ តែនៅទីបំផុត គណបក្ស Move Forward ត្រូវគេរារាំងមិនឲ្យបង្កើតរដ្ឋាភិបាលបាន។
ផ្អែកតាមការវិភាគរបស់លោក Khemthong Tonsakulrungruang សាស្ត្រាចារ្យនៅសកលវិទ្យាល័យជូឡាឡុងកន ការស្ទុះហក់ឡើងដ៏ខ្លាំងក្លានៃគណបក្ស Move Forward គឺជាការគំរាមមួយដ៏ធំ មកលើក្រុមអ្នកមានអំណាចអ្នកមានឥទ្ធិពលចាក់ឬសយូរឆ្នាំ ក្នុងបណ្តុំក្រុមយោធានិងរាជានិយមថៃ។ ដោយហេតុនេះហើយ ទើបគេងាកទៅបង្កើតសម្ព័ន្ធភាពជាមួយបក្សភឿថៃវិញ ព្រោះថាកម្រិតគ្រោះថ្នាក់មានទាបជាង។
បក្សភឿថៃដឹកនាំដោយលោកស្រីភែថងថាន ដែលឈ្នះសន្លឹកឆ្នោតលំដាប់ទី២ បានសម្រេចចិត្តចាប់ដៃជាមួយគូសត្រូវចាស់ ដើម្បីបង្កើតរដ្ឋាភិបាល។ ជាថ្នូរនឹងការចាប់ដៃនេះ លោកថាក់ស៊ីន ដែលបានភៀសខ្លួនទៅក្រៅស្រុកអស់១៥ឆ្នាំមកហើយនោះ ទំនងជាងបានទទួលការសន្យាលើកលែងទោស ហើយអាចត្រឡប់ចូលស្រុកវិញ។ នៅខែសីហាឆ្នាំ២០២៣ លោកថាក់ស៊ីនបានទៅដល់បាងកកវិញមែន ហើយត្រូវតុលាការដោះលែងឲ្យមានសេរីភាព។
ឧបសគ្គនិងគ្រោះថ្នាក់ចំពោះមុខ
លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ មានអាយុ៣៨ឆ្នាំ គឺជាស្ត្រីនាយករដ្ឋមន្ត្រីថៃវ័យក្មេងជាងគេក្នុងប្រវត្តិសាស្ត្រ។ លោកស្រីបាននាំមកនូវជំនោរត្រជាក់ថ្មីមួយ មលលើឆាកនយោបាយថៃ ដែលពោរពេញទៅសុទ្ធតែមនុស្សប្រុសហើយវ័យចំណាស់។ ក៏ប៉ុន្តែ ក្រៅតែពីមាននាមត្រកូល ស៊ីណាវ៉ាត្រ លោកស្រីភែថងថាន ត្រូវបានគេសម្លឹងឃើញថា មានបទពិសោធន៍តិចណាស់ មិនថានយោបាយ ឬសេដ្ឋកិច្ច។
លោក Virot Ali អ្នកវិភាគនៅសកលវិទ្យាល័យថាម៉ាសាត ក្រុងបាងកក បានលើកឡើងថា អ្វីៗនឹងមិនស្រួលប៉ុន្មានទេ សម្រាប់លោកស្រីភែថងថាន។ សេដ្ឋកិច្ចថៃ ចាប់តាំងពីក្រោយកូវីដ១៩មក មិនទាន់ល្អប្រសើរឡើងវិញឡើយ។ បើប្រៀបធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់ ដូចជាវៀតណាម ឬឥណ្ឌូណេស៊ី ថៃហាក់ដូចជាមានការលំបាកក្នុងការទាក់ទាញអ្នកវិនិយោគ។ រដ្ឋាភិបាលមុនដឹកនាំដោយលោក សេដ្ឋា ថៈវីស៊ីន បានប្រឹងប្រែងផ្សព្វផ្សាយខ្លាំងលើវិស័យទេសចរណ៍ ហើយទទួលផ្លែផ្កាខ្លះ។ តែវិស័យផ្សេងទៀត ហាក់ដូចជានៅទ្រឹងដដែល។
ជាងនេះទៀត មានការបារម្ភថា លោកស្រីភែថងថាន ទំនងពុំមានស្វ័យភាពគ្រប់គ្រាន់ទេ ក្នុងការសម្រេចចាត់ចែងកិច្ចការ។ លោក Napon Jatusripitak អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៅ ISEAS-Yusof Ishak Institute នៅសិង្ហបុរី បានលើកឡើងថា លោកស្រីភែថងថាន ត្រូវការកសាងភាពពេញច្បាប់របស់ខ្លួន ដើម្បីកាន់អំណាច។ ជាការងារមិនស្រួលប៉ុន្មានទេ ព្រោះស្រមោលឪពុកលោកស្រី នៅតែបន្តគ្របបាំងឲ្យងងិត។
ជាងនេះទៀត ក្រុមអ្នកមានអំណាច ដែលស្និទ្ធនឹងក្រុមយោធា ព្រមទាំងព្រះបរមរាជវាំងថៃ ដែលកន្លងមកមិនដែលពេញចិត្តលោកថាក់ស៊ីននោះ មានលទ្ធភាពច្រើនណាស់ ដើម្បីកាច់បំបាក់រដ្ឋាភិបាលរបស់លោកស្រីភែថងថាន។ អំណាចតុលាការស្ថិតនៅក្នុងដៃរបស់ក្រុមនេះទាំងស្រុង។
លោក Khemthong Tonsakulrungruang បានពន្យល់ថា ក្រុមយោធាអភិរក្សនិយម អាចប្រើប្រាស់តុលាការ រកវិធីរារាំងលោកស្រីភែថងថាន ប្រសិនបើរដ្ឋភិបាលលោកស្រី ធ្វើអ្វីមួយដែលជ្រុលហួសពីការចង់បានរបស់គេ។ យ៉ាងណាមិញ លោកសេដ្ឋា ថៈវីស៊ីន បានធ្លាក់ពីកៅអីនាយករដ្ឋមន្ត្រី គឺដោយសារតែតុលាការធម្មនុញ្ញថៃ ធ្វើទៅតាមការញាក់របស់ក្រុមយោធាអភិរក្សនិយម។ ដូច្នេះប្រសិនបើលោកថាក់ស៊ីន ឬក៏រដ្ឋាភិបាលរបស់កូនស្រីលោក ហ៊ានតែធ្វើអ្វីមួយខុសគន្លងគេ នោះគេនឹងប្រើប្រព័ន្ធតុលាការ ឲ្យរកវិធីទំលាក់រដ្ឋាភិបាលនេះឲ្យខាងតែបាន៕