ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិនយោបាយ​ដ៏ធ្ងន់ធ្ងរនៅបារាំង អាចមានដំណោះស្រាយ​ដោយ​របៀបណា?


Listen Later

បារាំងបានធ្លាក់ផុង​ក្នុងវិបត្តិ​នយោបាយ គួរ​ឲ្យ​ព្រួយបារម្ភបំផុត បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី​ថ្មី​ សេបាស្យៀង ឡឺក័រ​នុយ បានប្រកាសលាចុះតំណែង​ កាលពីថ្ងៃចន្ទទី​៦តុលា​ ប្រមាណ​តែ​១៤ម៉ោង​ក្រោយ​ប្រកាសសមាសភាពរដ្ឋាភិបាល​ថ្មី​។ ការលាចុះពីតំណែង ព្រោះតែ​មានបក្សនយោបាយ​មិនពេញចិត្ត​នឹង​សមាសភាពរដ្ឋាភិបាល និងបានប្រកាសគំរាម​ដាក់ញត្តិ​សភា ដើម្បី​​បោះឆ្នោតដកសេចក្តី​ទុកចិត្ត​។ សម្រាប់ពេល​នេះ បារាំង មហាអំណាចសេដ្ឋកិច្ច​ទី​២របស់អឺរ៉ុប កំពុងស្ថិតនៅក្នុងភាពតែលតោល គ្មានរដ្ឋាភិបាល​ ស្របពេល​ដែលបរិបទសេដ្ឋកិច្ច​ និង​​សង្គ្រាមនៅ​អ៊ុយក្រែន​​ផង កំពុងតែរួមរឹតយ៉ាងខ្លាំង។​

ភាពរង្គោះរង្គើរនយោបាយ​បារាំង ត្រូវបានបណ្តាញ​ព័ត៌មាន​ទូទាំងពិភពលោក យកទៅផ្សព្វផ្សាយ​ ធ្វើឲ្យ​បារាំងបាត់​បង់កិត្តិយស ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ច​មួយដ៏ធំនឹងគេ និងជា​ប្រទេស​ធ្លាប់​មានវប្បធម៌​ប្រជាធិបតេយ្យ សាធារណរដ្ឋ​យ៉ាងរឹងមាំ​។ វិបត្តិជ្រៅទៅៗនេះ គឺ​បន្ទាប់ពីលោកម៉ាក្រុង​ បានរំលាយសភានៅខែមិថុនា​ឆ្នាំ​២០២៤ ក្រោយពេលដែរ​​ បក្សរបស់​លោកបាន​ចាញ់ឆ្នោត​ នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាអឺរ៉ុប។ មួយឆ្នាំចុងក្រោយនេះ បារាំងបានដូរ​នាយករដ្ឋមន្ត្រី​៣នាក់​​បន្តបន្ទាប់គ្នា ដោយហេតុថារដ្ឋាភិបាល​គ្មានសំឡេងភាគច្រើនក្នុងសភា ហើយ​សភាទៀតសោត ត្រូវពុះចែក​ជាច្រើនក្រុមនយោបាយ ឆ្វេងនិយមជ្រុល ស្តាំនិយមជ្រុល កណ្តាលនិយមជាដើម ដែលធ្វើ​ឲ្យ​ការ​ពិភាក្សានានា ត្រូវពើបប្រទះតែនឹងការឈ្លោះប្រកែក​ តតាំងប្រឆាំងតវ៉ា ​ការពារតែ​គោលការណ៍រៀងៗខ្លួន។

រដ្ឋាភិបាល​មានអាយុ១រាត្រី​​

លោកនាយករដ្ឋមន្ត្រី​សេបាស្យៀង ឡឺក័រនុយ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី​៩កញ្ញា បន្ទាប់ពីលោក​ហ្វ្រង់ស្វ័រ បៃរូ ត្រូវសភាបោះឆ្នោតដកសេចក្តីទុកចិត្ត​។ ជិត១ខែ ដែល​លោក​សេបាស្យៀង ឡឺក័រនុយ បានព្យាយាមចរចា​ ប្រជុំជាមួយគ្រប់ក្រុម​នយោបាយ និងសង្គមស៊ីវីល ដើម្បីរកច្រកផ្លូវរៀបចំរដ្ឋាភិបាល​មួយ ដែលគ្រប់គ្នាទទួលយកបាន​។ តែទីបំផុត គ្រាន់តែប្រកាស​សមាសភាពរដ្ឋាភិបាល​នៅយប់ថ្ងៃអាទិត្យ​ទី​៥តុលា រឿងរ៉ាវក៏បានផ្ទុះឡើងភ្លាមៗដែរ​។ គឺ​លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Bruno Retailleau និង​​ជា​​ប្រធាន​បក្សស្តាំនិយម “Les Républicains” បានប្រកាស​ដកខ្លួន​ចេញ​ពី​រដ្ឋា​ភិបាលចម្រុះ ដើម្បីសម្តែងការជំទាស់ទៅនឹងការតែងតាំងលោក Bruno Le Maire អតីតរដ្ឋមន្ត្រី​សេដ្ឋកិច្ចហិរញ្ញវត្ថុ ឲ្យធ្វើ​ជា​រដ្ឋមន្ត្រី​ការពារជាតិ​​។ លោក Bruno Retailleau ក៏ដូចជាមនុស្សចំនួនទៀតក្នុងបក្ស បានចោទថា​ស្ថានភាពហិរញ្ញវត្ថុស្រុកទេស បំណុល​រដ្ឋ​កើន​ឡើង​ខ្លាំង​សព្វថ្ងៃនេះ គឺមក​​ពីការដឹកនាំរបស់​លោក Bruno Le Maire នេះឯង។

ព្រឹកថ្ងៃចន្ទទី​៦កញ្ញា ប្រជាជនបារាំង​បើកភ្នែក​ស្រឡាំងកាំងគ្រប់គ្នា ពេល​​​លោក​ សេបាស្យៀង ឡឺក័រនុយ បានប្រកាសលាចុះពីតំណែងនាយករដ្ឋមន្ត្រី។ លោកសេបាស្យៀង ឡឺក័រនុយ បាន​អះអាងហេតុផលថា លោកមិនអាចដឹកនាំប្រទេសក្នុងកាលៈទេសៈឈ្លោះប្រកែកគ្នាបែបនេះបានទេ។ លោក​បានលើកឡើងថា ដោយហេតុថាគ្មានបក្សណាមួយ​មានសំឡេងភាគច្រើនក្នុងសភា ដូច្នេះដើម្បីឲ្យ​ប្រទេសអាចដើរទៅមុខបាន គឺទាល់តែគ្រប់គ្នាដាក់ចិត្ត​ចរចាគ្នា ធ្វើការជាមួយគ្នា រកការស្រុះស្រួល មិនត្រូវរឹងរូសគិតតែពីការពារ​គោលជំហរតែរៀងៗខ្លួននោះទេ​។

ប្រកាសរំលាយសភា?

ក្រោយ​ការប្រកាសលាចុះពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី សេបាស្យៀង ឡឺក័រនុយ ព្រឹកថ្ងៃចន្ទដដែល លោកប្រធានាធិបតីម៉ាក្រុង បាន​សម្រេច​ដាក់បេសកកម្ម​ឲ្យ​លោក​ សេបាស្យៀង ឡឺក័រនុយ ដឹកនាំការចរចា​ ​រយៈពេល​៤៨ម៉ោងទៀត ដើម្បីព្យាយាមស្វែងរកច្រកចេញពីភាពទ័លច្រកនេះ​។ ប្រសិនបើនៅតែគ្មានដំណោះស្រាយ​ទេ នោះលោកប្រធានាធិបតី​ម៉ាក្រុង នឹង​ទទួលខុសត្រូវដោយ​ខ្លួនលោក​។ មានន័យថា លោក​ម៉ាក្រុង អាចនឹងប្រកាសរំលាយ​សភាជាលើកទី​២ ដើម្បីឲ្យ​ប្រជាជនបារាំងបោះឆ្នោតជ្រើសរើសសមាជិក​សភា ជាថ្មីម្តងទៀត​។

បើនិយាយពីផ្លូវច្បាប់ គឺលោក​ប្រធានាធិបតីម៉ាក្រុង អាចមានសិទ្ធិប្រកាសរំលាយ​សភាម្តងទៀត​បាន​ហើយ ព្រោះថាច្បាប់កំណត់ថា ប្រធានាធិបតីអាច​ប្រកាសរំលាយសភាមួយឆ្នាំម្តង​។ តែអ្វីដែលគ្រោះថ្នាក់សម្រាប់​លោកម៉ាក្រុង គឺថា បើបោះឆ្នោតសភាម្តងទៀត គឺ​បក្សរបស់​លោក​​ប្រាកដជាបាត់​បង់អាសនៈសភា ដោយ​ចៀសមិនរួចទេ ព្រោះថា​មតិមហាជនបារាំងជាទូទៅ កាន់តែធុញទ្រាន់នឹងការដឹកនាំរបស់​លោកម៉ាក្រុង ក៏ដូចជាចលនានយោបាយ​ស្ទើឆ្វេងស្ទើស្តាំ​របស់​លោក។ ផ្ទុយទៅវិញ ជម្រើសរំលាយសភាហើយបោះឆ្នោតម្តងទៀតនេះ ត្រូវបានបន្លឺចេញពី​ក្រុមបក្សនយោបាយស្តាំនិយមជ្រុល Le Rassemblement National ដែលកំពុងតែមានប្រជាប្រិយខ្លាំង​​ ហើយចង់ឆក់ឱកាសនេះ ប្រមូលអាសនៈក្នុងសភា​។ ប្រសិនបើបក្សនេះបានសំឡេងភាគច្រើនក្នុងសភា នោះ​លោក​ម៉ាក្រុង ប្រាកដជាត្រូវបង្ខំចិត្ត​ តែងតាំងនាយករដ្ឋមន្ត្រី​មកពីបក្សនេះ​ ដែល​លោក​តែងតែចាត់ទុកថាជាសត្រូវនយោបាយ​ដ៏ធំបំផុត​។

លោកម៉ាក្រុងចុះចេញពីអំណាច?

ទន្ទឹមគ្នានេះ មានអ្នកនយោបាយ​ផ្សេងទៀត បាន​បន្លឺសំឡេងស្រែកទាមទារ ថាលោកម៉ាក្រុង ត្រូវ​លាចុះពីអំណាចពេលនេះ ដើម្បី​រៀបចំបោះឆ្នោត​ប្រធានាធិបតីម្តងទៀត ព្រោះថា​កំហុសនយោបាយ​ទាំងប៉ុន្មាន គឺកើតចេញពីលោកម៉ាក្រុង​​ទាំងអស់​។ តាមធម្មតា អាណត្តិរបស់​លោកម៉ាក្រុង ត្រូវចប់នៅដើមឆ្នាំ​២០២៧។ អ្នកដែល​ស្រែក​ទាមទារ​ឲ្យលោក​ម៉ាក្រុង​ចុះពី​​អំណាចខ្លាំងជាងគេនៅពេលនេះ​ គឺក្រុម​បក្សនយោបាយ​ឆ្វេងនិយមជ្រុល La France Insoumise។

យោងតាមរដ្ឋធម្មនុញ្ញបារាំង ប្រធានាធិបតី​អាច​លាចុះពី​​អំណាចដោយ​ខ្លួនឯង ឬអាចត្រូវនីតិវិធីបោះឆ្នោតទម្លាក់។ គឺមាត្រា​៦៨ នៃរដ្ឋធម្មនុញ្ញបារាំង ដែលបានចែងកំណត់អំពី​នីតិវិធី​​ ដើម្បី​អាចទម្លាក់​ប្រធានាធិបតី​បាន ក្នុងករណី​ដែលគេរកឃើញថាប្រធានាធិបតី​មានកំហុសធ្ងន់ធ្ងរ។ យ៉ាងណាក៏ដោយ វាគឺជានីតិវិធីដ៏ស្មុគស្មាញ មានច្រើនដំណាក់កាល ដែលជាបឋម គឺត្រូវមានការស្នើសុំ ពីសំណាក់សមាជិកសភា​យ៉ាងហោច​៥៨នាក់ ឬសមាជិកព្រឹទ្ធភាសា៣៥នាក់។ បន្ទាប់មកទៀត សំណើទម្លាក់ប្រធានាធិបតីនេះ ត្រូវ​បោះឆ្នោតឲ្យ​បានសម្លេងភាគច្រើន ២ភាគ៣ ទាំងនៅសភានិង​ព្រឹទ្ធសភា។ បន្ទាប់មកទៀតស្ថាប័ននីតិបញ្ញត្តិទាំង​២នេះ ត្រូវប្រជុំគ្នាអង្គតែមួយ ហើយបោះឆ្នោតសម្រេចម្តងទៀត យកសំឡេងភាគច្រើន២ភាគ៣​។

ទោះជាយ៉ាងនេះ​ក្តី សាស្ត្រាចារ្យច្បាប់ ក៏ដូចជាអ្នកវិភាគ​នយោបាយ​ច្រើននាក់ បានថ្លែងការបារម្ភ ថាប្រសិនបើលោក​ម៉ាក្រុង លាចុះពីអំណាច ឬត្រូវនីតិវិធីទម្លាក់ គឺវា​នឹងធ្វើ​ឲ្យ​របបប្រធានាធិបតីបារាំងសាធារណៈរដ្ឋទី​៥​ ត្រូវរង្គោះរង្គើរប្រឈមគ្រោះថ្នាក់ខ្លាំងណាស់។ ស្ថាប័ន​ប្រធានាធិបតី​នឹងចុះទន់ខ្សោយ ព្រោះថាបក្សនយោបាយអាចនឹងយកបញ្ហាវិបត្តិនយោបាយជាលេស ដើម្បីធ្វើឲ្យរង្គោះរង្គើទាញទម្លាក់ប្រធានាធិបតី​ ទៅថ្ងៃអនាគត​ជាក់ជាមិនខាន។

សង្ឃឹមចុងក្រោយ ​លើការចរចា​​បង្កើតរដ្ឋាភិបាលចម្រុះ

ដើម្បីបញ្ចៀសបញ្ហា​ទាំងអស់នេះ សម្រាប់ពេលនេះ លោក​សេបាស្យៀង ឡឺក័រនុយ មានបេសកកម្ម​ដ៏លំបាកមួយ គឺ​ប្រមែ​ប្រមូល​បក្សនយោបាយផ្សេងៗ ​ដែលបែកខ្ញែកគ្នា ដើម្បី​ឲ្យ​បាន​សំឡេងភាគច្រើនដាច់ខាតក្នុងសភា ពោលគឺ ២៨៩​សំឡេង​ក្នុងចំណោម​៥៧៧​ ដើម្បីអាចបង្កើតរដ្ឋាភិបាលថ្មីមួយបាន​។ តែចំណោទមួយទៀត សួរថាតើនរណានឹងឡើងមកធ្វើជានាយករដ្ឋមន្ត្រី? មកពីបក្សខាងណា ស្តាំឬឆ្វេង? សម្រាប់លោក សេបាស្យៀង ឡឺក័រនុយ លោក​បានបញ្ជាក់ហើយ គឺលោកសុំដកខ្លួន​។

គួរបញ្ជាក់ដែរថា វិបត្តិនយោបាយ​ដែលរួមរឹតបារាំងក្នុងពេលនេះ គឺវាស្ថិតក្នុងកាលៈទេសៈមួយដែល​បារាំង ត្រូវប្រឹងឈរដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ បំណុលរដ្ឋកាន់តែប៉ោងឡើង​ផង ហើយ​ណាមួយ​ទៀត មានសំណុំរឿងសន្តិសុខជាតិ សង្គ្រាម​នៅអ៊ុយក្រែន ការគំរាមរបស់រុស្ស៊ីជាដើម​។ ភាពទន់ខ្សោយ​ផ្ទៃក្នុង​ កំពុងតែធ្វើ​ឲ្យ​សំឡេង និងមុខមាត់របស់​បារាំងត្រូវចុះទន់ខ្សោយដែរ ទាំង​នៅក្នុងសហភាពអឺរ៉ុបនិង​ឆាកអន្តរជាតិទាំងមូល​៕

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
Learn Chinese | ChineseClass101.com by ChineseClass101.com

Learn Chinese | ChineseClass101.com

149 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

12 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners