ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កាលបរិច្ឆេទសំខាន់ៗនៃជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន​ គិតចាប់ពីផែនការពុះចែកទឹកដី​ឆ្នាំ​១៩៤៧


Listen Later

ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន គឺជាជម្លោះដ៏រ៉ាំរ៉ៃអូសបន្លាយ​សឹងមួយ​សតវត្សរ៍​មកហើយ​។ នៅក្នុង​រយៈពេលមួយ​​នៃប្រវត្តិសាស្ត្រ​ គិតចាប់ពី​ការប្រកាសផែនការពុះចែកដែន​ដីប៉ាឡេស្ទីន​ជា​២នៅ​​​ឆ្នាំ​១៩៤៧ អ៊ីស្រាអែលនិងប៉ាឡេស្ទីនបាន​ខិតចូលចាប់ដៃគ្នាឈានទៅដោះស្រាយ​បញ្ហា តែពេលខ្លះ ក៏ឃ្លាតឆ្ងាយពីគ្នាវិញ ព្រោះតែ​​​ប្រការផ្សេងៗ ដែលមក​រារាំង មិន​ឲ្យ​ប្រជាជាតិទាំង២កសាងសន្តិភាពនឹងគ្នាបាន។ ហេតុការណ៍​វាយប្រហារ​​យ៉ាងសាហាវព្រៃផ្សៃរបស់ក្រុមហាម៉ាស​ប៉ាឡេស្ទីន កាលពីថ្ងៃទី​៧តុលាឆ្នាំ​២០២៣ នៅក្នុងទឹកដីអ៊ីស្រាអែល គឺជាចំណុចចាប់ផ្តើមនៃទំព័រប្រវត្តិសាស្ត្រដ៏សែនខ្លោចផ្សារបំផុត​ សម្រាប់ប្រជាជនប៉ាឡេស្ទីន​ ហើយដែលបានធ្វើ​ឲ្យក្តីសង្ឃឹម​នៃសន្តិភាព កាន់តែរសាត់ឆ្ងាយ​។

ឆ្នាំ​១៩៤៧៖ បែង​ចែកទឹកដី​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល

ថ្ងៃទី​២៩​ វិច្ឆិកា​​ ១៩៤៧ អង្គមហាសន្និបាតនៃអង្គការសហប្រជាជាតិ បាន​បោះឆ្នោត​អនុម័តសេចក្តីសម្រេចចិត្តលេខ ១៨១ ដែល​ចែងកំណត់ពុះចែកដែនដី​ប៉ាឡេស្ទីនជារដ្ឋចំនួន​២។ មួយជារដ្ឋអារ៉ាប់ មានផ្ទៃដីប្រមាណ​៤៥% និង​មួយ​ទៀតជារដ្ឋ​ជ្វីហ្វ មានផ្ទៃដី​ប្រមាណ​៥៥%។ ចំណែកទីក្រុងហ្សេរុយសាឡិម ត្រូវដាក់ឲ្យស្ថិតនៅ​ក្រោម​ការគ្រប់គ្រងអន្តរជាតិ​។

គួររំលឹកថា ការពិតទៅគំនិត​ចង់បង្កើត​រដ្ឋជ្វីហ្វ នៅលើដែនដី​ដែលធ្លាប់ជាស្រុកកំណើតរបស់ប្រជាជនជ្វីហ្វតាំងពីច្រើនពាន់ឆ្នាំមកហើយនោះ បាន​ផុសផុលឡើងជាយូរមកហើយ​។ គឺនៅឆ្នាំ​១៨៩៥ លោក Theodor Herzl បិតានៃចលនា​Sionisme បានសរសេរសៀវភៅមួយ មានចំណងជើងថា “រដ្ឋជ្វីហ្វ” ដែលក្នុងសៀវភៅនោះ​លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាជនជ្វីហ្វទូទាំងពិភពលោក ​ត្រឡប់ទៅរស់នៅ​ប៉ាឡេស្ទីន​។ បន្ទាប់មកទៀត នៅឆ្នាំ​១៩១៧ ក៏មានសេចក្តីប្រកាស​Balfour ដែលបានបើកផ្លូវ ​ឲ្យ​មាន​ការចាប់ផ្តើមតាំងទីលំនៅរបស់ជនជាតិជ្វីហនៅប៉ាឡេស្ទីន​។ ចាប់តាំងពីឆ្នាំ​១៩២០ ពោលគឺក្រោយ​ការដួលរំលំ​ទៅនៃ​អាណាចក្រអូតូម៉ង់ អង្គការសង្គមប្រជាជាតិ បានចាត់តាំង​ឲ្យអង់គ្លេសមានតួនាទី គ្រប់ដែនដីប៉ាឡេស្ទីន។ ផែនការពុះចែកដែនដី​ប៉ាឡេស្ទីនជារដ្ឋ២ ម្ខាងជ្វីហ្វ ម្ខាងអារ៉ាប់ នៅឆ្នាំ​១៩៤៧ ត្រូវបានបណ្តាប្រទេសអារ៉ាប់នៅតំបន់ដើមបូព៌ាសឹងតែទាំងអស់ បដិសេធមិនទទួលយក​។​ ការបដិសេធដែលបាន​​ចិញ្ចឹមបញ្ហាជម្លោះនេះ ឲ្យ​នៅរ៉ាំ​រ៉ៃរៀង​​រហូតមក​។

ឆ្នាំ​១៩៤៨៖ ការប្រកាសឯករាជ្យ​នៃរដ្ឋអ៊ីស្រាអែល​

ការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន និងអ៊ីស្រាអែល បានចាប់ផ្តើមផ្ទុះឡើង​ ចាប់តាំងពី​ការប្រកាស​ផែនការ​ពុះចែកទឹកដី​ជា​២​នៅឆ្នាំ​១៩៤៧​។​ ស្របពេលដែលក្រុមប្រទេសប្រទេសអារ៉ាប់ មិនព្រមទទួលយកផែនការនេះ​ ហើយ​មិនព្រមប្រកាសរដ្ឋប៉ាឡេស្ទីន អ៊ីស្រាអែលឯនោះ បានសម្រេចប្រកាស​ឯករាជ្យ នៅថ្ងៃទី​​១៤​ឧសភា​​ឆ្នាំ​១៩៤៨។ គឺលោក​ David Ben Gourion នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ដំបូងគេបង្អស់​ ដែលបានប្រកាសឯករាជ្យ​នៅ​ទីក្រុងទែលអាវីវ។​

សង្គ្រាមរវាងអ៊ីស្រាអែល និង​ក្រុមប្រទេស​អារ៉ាប់ ​បាន​ផ្ទុះឡើងក្រោយ​ការប្រកាសឯករាជ្យ​នេះ​។ ជំនាន់នោះ ត្រូវគេហៅថាជាជំនាន់ Nakba ជាភាសាអារ៉ាប់ ដែល​ប្រែមកថា “គ្រោះមហន្តរាយ” ឬបរាជ័យដ៏ឈឺចាប់ របស់ប្រជាជនអារ៉ាប់​​។ យ៉ាងហោចណាស់ មានប្រជាជនប៉ាឡេស្ទីនប្រមាណ ៨សែននាក់ក្នុងចំណោម​៩សែននាក់​ ដែលត្រូវបាន​គេបណ្តេញចេញពីផ្ទះសម្បែង ព្រោះថា​ចាប់ពីនេះទៅ ផ្ទះរបស់ពួកគេស្ថិតនៅក្នុង​ទឹកដីរបស់អ៊ីស្រាអែល។ ភូមិអារ៉ាប់​ប្រមាណ​៤០០ទីតាំងត្រូវបានឈូសរំលើងចោល​។

ជនភៀសខ្លួន​ប៉ាឡេស្ទីន​ច្រើនម៉ឺននាក់ បានធ្វើដំណើរទៅតាំងទីលំនៅ​ នៅតំបន់ហ្កាហ្សា នៅតំបន់ស៊ីហ្សកដានី និងខ្លះទៀតបានភៀសខ្លួនទៅប្រទេសក្បែរខាង។ នៅក្នុង​សង្គ្រាមទី១នេះ អ៊ីស្រាអែលប្រទេសថ្មីទើបតែប្រកាសឯករាជ្យ បាន​យក​​​ជ័យជំនះ​ លើក្រុមកងទ័ព​ប្រទេសអារ៉ាប់រួមគ្នា ដែលមាន​អេហ្ស៊ីប ស៊ីរី លីបង់ និង​អ៊ីរ៉ាក់ជាដើម​។ ជ័យជំនះ​នេះ បានធ្វើ​ឲ្យអ៊ីស្រាអែល​ ឈានទៅ​ដណ្តើមបានដែនដី​មួយចំនួនធំ​។ ចាប់ពីពេលនេះហើយ ដែលជាការចាប់ផ្តើមនៃការតស៊ូ​​របស់ប្រជាជនប៉ាឡេស្ទីនដើម្បីដណ្តើមទឹកដី​មកវិញ​។

ឆ្នាំ​១៩៦៧៖ សង្គ្រាម៦ថ្ងៃ​

អ៊ីស្រាអែលបានបើកការវាយប្រហារទៅលើអេហ្ស៊ីប នៅថ្ងៃទី​៥​មិថុនា​១៩៦៧។ រយៈពេលតែ​៦ថ្ងៃ អ៊ីស្រាអែល​បានដណ្តើមបាន​ដែនដីជាច្រើន ក្នុងនោះមាននៅ​​​តំបន់ហ្កាហ្សា ស៊ីហ្សកដានី តំបន់ខ្ពង់រាបហ្គោឡាន ហ្សេរុយសាឡិមខាងកើត ព្រមទាំង​តំបន់ស៊ីណៃ​​សឹងទាំងស្រុង​។

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចចិត្តលេខ ២៤២ ថ្កោលទោសការប្រើសង្គ្រាមដើម្បី​ច្បាមយកទឹក។ អ៊ីស្រាអែលបានចាប់ផ្តើមគោលនយោបាយ​ដាក់អាណានិគម ដែល​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ​​។ សង្គ្រាម​​៦ថ្ងៃនៅឆ្នាំ​​១៩៦៧ បាន​បណ្តាលឲ្យ​ប្រជាជនប៉ាឡេស្ទីន​ ចន្លោះពី​​៣សែនទៅ​៥សែននាក់ ត្រូវ​ភៀសខ្លួន​ចោលផ្ទះសំបែង​។ ថ្ងៃទី​១៧​មីនា​ឆ្នាំ​១៩៦៩ លោកស្រី Golda Meir បានឡើងធ្វើជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល។ លោកស្រី​មានទំនោររឹងរូស ហើយ​បានបដិសេធមិន​ដកថយ​ចេញពីដែនដី ​ដែលអ៊ីស្រាអែលបានគ្រប់គ្រងជាដាច់ខាត​ ហើយបាន​​​បន្តគោលនយោបាយ​​ដាក់អាណានិគមនៅតំបន់ស៊ីហ្សកដានី​។

ឆ្នាំ​១៩៧៣៖ សង្គ្រាមគីពួរ

សង្គ្រាម​គីពួរ នៅ​ឆ្នាំ​១៩៧៣ គឺជាសង្គ្រាម​ទី​​៤ រវាងអ៊ីស្រាអែលនិងក្រុមប្រទេសអារ៉ាប់​។ ក្រុមសម្ព័ន្ធប្រទេសអារ៉ាប់មាន​អេហ្ស៊ីបនិងស៊ីរី​​ជាមេដឹកនាំ បាន​រួមគ្នា​បើក​ប្រតិបត្តិការវាយឆ្មក់​លើអ៊ីស្រាអែល​។ តែអ៊ីស្រាអែល​បានទប់​ជាប់ដោយជោគជ័យ​។ ក្រោយសង្គ្រាមនេះ គឺនៅឆ្នាំ​១៩៧៤ អង្គការសហប្រជាជាតិបានប្រកាសទទួលស្គាល់ សិទ្ធិរបស់​ប្រជាជន​ប៉ាឡេស្ទីន ក្នុងការ​មាន​ស្វ័យភាពដោយ​ខ្លួនឯង ​និង​បានប្រកាសចាត់ទុក អង្គការ​រំដោះប៉ាឡេស្ទីន ហៅកាត់ថា OLP គឺជាសមាជិកសង្កេតការណ៍​របស់អង្គការសហប្រជាជាតិ​។

តែទន្ទឹមគ្នានេះ សង្គ្រាម​គីពួរក៏បានញ៉ាំងឲ្យ​មានការចុះហត្ថលេខា ភ្ជាប់ទំនាក់ទំនងគ្នាជាប្រក្រតី​ រវាង​អេហ្ស៊ីបនិងអ៊ីស្រាអែល​ដែរ​។ ជាថ្នូរនឹងកិច្ចព្រមព្រៀងនេះ​​ នៅ​ឆ្នាំ​១៩៧៩ អ៊ីស្រាអែលបានសម្រេចដក​ថយ​​ចេញពីតំបន់ស៊ីណៃ​​។ តែយ៉ាងណា​ អ៊ីស្រាអែល​មិនបានដកថយ​ពីតំបន់ស៊ីហ្សកដានី និងតំបន់ហ្កាហ្សា ទៅតាមការសន្យាទេ​។

ឆ្នាំ​១៩៨៧៖ ចលនា Intifada លើកទី​១

នៅឆ្នាំ​១៩៨៧ ប្រជាជនប៉ាឡេស្ទីនដែលរស់នៅក្នុងជំរុំតំបន់ហ្កាហ្សា បាន​ងើបបះបោរឡើង ប្រឆាំងនឹង​អ៊ីស្រាអែល បន្ទាប់ពីមាន​រថយន្តកាមីញ៉ុងអ៊ីស្រាអែលមួយគ្រឿង បានបើកបង្កគ្រោះថ្នាក់​ស្លាប់​ជន​ប៉ាឡេស្ទីន​​៤នាក់​។ កងទ័ពអ៊ីស្រាអែលបាន​ធ្វើការបង្ក្រាប​ យ៉ាងហិង្សាទៅលើ​ចលនាបះបោរនេះ ដែល​​បាន​ផ្ទុះឡើងខ្លាំង​មួយរំពេញពេញដែនដីប៉ាឡេស្ទីន​។

នៅជំនាន់នោះ រូបថត​ជាច្រើនបង្ហាញ​ឲ្យឃើញ​​យុវជនប៉ាឡេស្ទីន​ងើបបះបោរ ដោយមានតែដុំថ្មកាន់នឹងដៃ បាន​ធ្វើ​ឲ្យ​សាធារណៈមតិអន្តរជាតិ​ បានយល់អំពីទុក្ខលំបាករបស់ប្រជាជន​អារ៉ាប់ប៉ាឡេស្ទីន នៅ​ក្នុង​តំបន់ដែលអ៊ីស្រាអែល​គ្រប់គ្រង​។ គឺចលនាបះបោរ Intifada ទី១​នេះហើយ ដែលបានធ្វើឲ្យ​ចលនាហាម៉ាស បានដុះឫស​លេចពន្លកឡើងមក​​។ Intifada ទី១​ បានបិទបញ្ចប់នៅឆ្នាំ​១៩៩៣ ដោយ​បានផ្តាច់ជីវិតជនប៉ាឡេស្ទីន​ប្រមាណ​១០០០នាក់ ជនអ៊ីស្រាអែល​ប្រមាណ​៣០០នាក់។

ឆ្នាំ​១៩៨៨៖ ការប្រកាសរដ្ឋប៉ាឡេស្ទីន​​

ថ្ងៃទី​១៥ វិច្ឆិកា​ ១៩៨៨ អង្គការរំដោះប៉ាឡេស្ទីន OLP ដែលស្ថិតក្រោមការដឹកនាំរបស់លោក យ៉ាសេ​ អារ៉ាហ្វាត បាន​ប្រកាសបង្កើតរដ្ឋប៉ាឡេស្ទីន​ ដោយ​ផ្អែក​លើ​សេចក្តីសម្រេចចិត្ត​លេខ ១៨១ ២៤២ និង ៣៣៨ របស់អង្គការសហប្រជាជាតិ​។ មានន័យថា ពេលនោះ លោកយ៉ាសេ អារ៉ាហ្វាត ក៏បាន​ប្រកាសទទួលស្គាល់រដ្ឋអ៊ីស្រាអែល​ ដោយ​ប្រយោលដែរ​។

ឆ្នាំ​១៩៩៣៖ កិច្ចព្រមព្រៀងអូស្លូ

ប៉ាឡេស្ទីននិង​អ៊ីស្រាអែល​បាន​ចរចាគ្នាដោយ​សម្ងាត់ ហើយ​បានហុចលទ្ធផល កើតចេញជា​កិច្ចព្រមព្រៀងទីក្រុង​អូស្លូ នៅឆ្នាំ​​១៩៩៣។ ភាគីទាំង​២បានកំណត់​ផែនការ​អន្តរកម្ម​ រយៈពេល​៥ឆ្នាំ ដើម្បី​ឈានទៅ​បង្កើតរដ្ឋប៉ាឡេស្ទីនជាផ្លូវការ​។ តាមរយៈកិច្ចព្រមព្រៀងនេះ អង្គការរំដោះ​ប៉ាឡេស្ទីន បាន​ទទួលស្គាល់​រដ្ឋអ៊ីស្រាអែល ហើយអ៊ីស្រាអែលក៏ទទួលស្គាល់ស្វ័យសិទ្ធិរបស់​តំបន់ហ្កាហ្សា​និងតំបន់ស៊ីហ្សកដានី​។ សរសេរគ្រិះនៃ​សំណង់សន្តិភាព​រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន កំពុងតែត្រូវធ្វើកសាងហើយ ដើម្បីដោះស្រាយ​ជម្លោះ ហើយ​ឈានទៅរៀបចំ​សិទ្ធិស្វយ័ត្ន​របស់​ប៉ាឡេស្ទីន ដោយគោរពតាមព្រំដែន​​ឆ្នាំ​១៩៦៧​។​ រូបថតលោកយ៉ាសេ អារ៉ាហ្វាត ចាប់ដៃគ្នាជាមួយ​លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ Yitzhak Rabin ដោយ​មានលោក​ប៊ីលគ្លីនតុននៅឈរកណ្តាល បានក្លាយ​ជារូបថតប្រវត្តិសាស្ត្រមួយ​ដ៏សំខាន់។

ក៏ប៉ុន្តែ គឺក្រុមហាម៉ាស ដែលជាអ្នក​បានបដិសេធ មិនទទួល​​យក​កិច្ចព្រមព្រៀង​អូស្លូ។ ហេតុការណ៍​អកុសល​មួយទៀតបាន​កើតឡើង គឺលោក​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Yitzhak Rabin ជ័យលាភីពាន​រង្វាន់​ណូបែលសន្តិភាពឆ្នាំ​១៩៩៤ ត្រូវបាន​ជន​ស្តាំជ្រុលនិយមអ៊ីស្រាអែល​ម្នាក់ បាញ់សម្លាប់នៅកណ្តាលក្រុងទែលអាវីវ នៅថ្ងៃទី​៤វិច្ឆិកា​ឆ្នាំ​១៩៩៥។ ក្តីសង្ឃឹមសន្តិភាពបានរលាយសូន្យសុង នាពេលនោះ​។

ឆ្នាំ​២០០០៖ ចលនា Intifada ទី​២

ថ្ងៃទី២០​កញ្ញាឆ្នាំ​២០០០ លោកអារីយែល​ ឆារ៉ូន មេដឹកនាំនយោបាយ​ស្តាំជាតិនិយមអ៊ីស្រាអែល បានធ្វើដំណើរ​ទៅ​ទីលាន​មុខព្រះវិហា​រអ៊ីស្លាម​ក្រុងហ្សេរុយសាឡិម ដែលស្ថិតនៅខាងលើ​ភ្នំ ​ដែលធ្លាប់ជា​​អតីតប្រាសាទរបស់ជនជាតិជ្វីហ្វ​មុនពួករ៉ូម៉ាំងវាយ​​កម្ទេចនៅឆ្នាំ​៧០នៃគ្រិស្តសករាជ្យ​។ វត្តមាន​របស់​លោក​ អារីយែ ឆារ៉ូន នៅទីនោះបានបញ្ឆេះកំហឹងរបស់ប្រជាជនប៉ាឡេស្ទីន​ ឲ្យ​​ឆេះ​ក្លាយជា​ចលនាបះបោរ Intifada លើកទី​២។ Intifada លើកទី​២នេះ​ ហិង្សាខ្លាំងជាងលើកទី​១ ព្រោះប្រជាជនប៉ាឡេស្ទី​ន​បានប្រើកាំភ្លើង។ ជាងនេះទៀត សកម្មភាពវាយប្រហារភេរវកម្មរបស់​ក្រុមហាម៉ាសនិង​ក្រុមជីហាតអ៊ីស្លាម ដែល​បាន​ចាប់ផ្តើមឡើងតាំងពី​ដើមទសវត្សរ៍ទី​៩០ បាន​ផុសផុលកាន់តែខ្លាំង ពេញដែនដីអ៊ីស្រាអែល​។​

ខាងអ៊ីស្រាអែលវិញ គេបានចាប់ផ្តើមសាងសង់ជញ្ជាំង​ថ្ម ពុះចែក​តំបន់ស៊ីហ្សកដានី​ ប្រ​វែង​ប្រមាណ​៧០០គីឡូម៉ែត្រ ដោយត្រង់ចំណុចខ្លះ បានកាត់យកដីប៉ាឡេស្ទីន ហើយ​បញ្ជូន​ប្រជាជនអ៊ីស្រាអែលទៅតាំងទីរស់នៅ​។ អង្គការសហប្រជាជាតិ​និងតុលាការ​យុត្តិធម៌អន្តរជាតិក្រុងឡេអេ បានថ្កោលទោស​ផែនការរបស់អ៊ីស្រាអែលនេះ​។ រវាងពីឆ្នាំ​២០០០​ដល់​២០០៥ ការប្រយុទ្ធដោយ​ហិង្សារវាងកងទ័ពអ៊ីស្រាអែល និង​​ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន បានផ្តាច់ជីវិតមនុស្ស​ប្រមាណ​៥៦០០នាក់ ក្នុងនោះ​៣ភាគ​៤​​គឺជាជនប៉ាឡេស្ទីន​។

ចលនា Intifada លើកទី​២ បានជួយរុញឲ្យ​លោក​ អារីយែល ឆារ៉ូន ឈ្នះឆ្នោតក្លាយ​ជា​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​នៅឆ្នាំ​២០០១។ នៅឆ្នាំ២០០២ ​លោកអារីយែល ឆារ៉ូន បាន​សម្រេច​ចាប់ផ្តើម​សាងសង់ជញ្ជាំង​ព័ទ្ធជុំ​វិញតំបន់ហ្កាហ្សា ដែលមានប្រវែង​​​ជាង៧១២គីឡូម៉ែត្រ។ ប្រឈមនឹងការជាប់គាំង នៃ​ដំណើរការស្វែងរកសន្តិភាព អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និង​រុស្ស៊ី បានរួម​គ្នា​ផ្តួចផ្តើមនៅខែមេសាឆ្នាំ​២០០៣ តាក់តែងបានអត្ថបទកិច្ចព្រមព្រៀងថ្មីមួយ ក្នុងទិសដៅដោះស្រាយ​ជម្លោះ​​។ ជាអត្ថបទតែមួយគត់ ដែល​ភាគីជម្លោះទាំងអស់បានសុខចិត្តទទួល​យក បន្ទាប់ពី​​កិច្ចព្រមព្រៀងទីក្រុងអូស្លូ ត្រូវបានគេបោះបង់ចោល​។

ឆ្នាំ​២០០៥៖ អ៊ីស្រាអែលដកថយចេញពីតំបន់​ហ្កាហ្សា

នៅថ្ងៃទី​១៧​សីហា​ឆ្នាំ​២០០៥ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល អារីយែល ឆារ៉ូន បានសម្រេចឲ្យកងទ័ពអ៊ីស្រាអែល ​ដកថយ​ចេញពីតំបន់ហ្កាហ្សា​ទាំងស្រុង​ បន្ទាប់ពី​គ្រប់គ្រងអស់​​៣៨ឆ្នាំ​។ ការសម្រេចនេះ ត្រូវបានគេគិតថាគឺជាការបើកទំព័រថ្មីនៃប្រវត្តិសាស្ត្រ ព្រោះវាជាលើកទី​១ ដែលអ៊ីស្រាអែលសុខចិត្តដកថយនិងរុះរើអាណានិគមរបស់ខ្លួនចេញពីដែនដីប៉ាឡេស្ទីន​។ តែទីបំផុ​ត ការដកថយរបស់អ៊ីស្រាអែលចេញ​ពី​ហ្កាហ្សានេះ នៅតែមិនបានជួយចូលរួមអ្វី​ នៅក្នុងដំណើរការកសាងសន្តិភាពឡើយ។

ឆ្នាំ​២០០៧៖ អ៊ីស្រាអែលបិទខ្ទប់តំបន់ហ្កាហ្សា​

ការបោះឆ្នោត​ប៉ាឡេស្ទីន​នៅឆ្នាំ​២០០៦ បាន​ប្រគល់ជ័យជំនះទៅឲ្យ​ក្រុម​អ៊ីស្លាមជ្រុលនិយមហាម៉ាស។ ក្រុម​ហា្វតា​ប៉ាឡេស្ទីន ដែលចាញ់ បានបង្ខំចិត្ត​ដកខ្លួនចេញពី​​តំបន់ហ្កាហ្សា ទុកឲ្យតំបន់នេះស្ថិតនៅក្នុងដៃរបស់ក្រុម​ហាម៉ាសទាំងស្រុង​។ ចាប់​ពីពេលនោះមក អាជ្ញាធរប៉ាឡេស្ទីន គ្រប់គ្រងតែតំបន់ស៊ីហ្សកដានីតែប៉ុណ្ណោះ​។ ប៉ាឡេស្ទីនបានចាប់ផ្តើមបាក់បែកនយោបាយ ម្ខាងហ្វាតា ម្ខាងហាម៉ាស ហើយ​ចាប់ពីពេលនោះមក មិនដែលមានការបោះឆ្នោតម្តងណាទៀតឡើយ​។

​អ៊ីស្រាអែល និង​​ដោយបានការសហការពីអាជ្ញាធរអេហ្ស៊ីបផង បានបិទខ្ទប់តំបន់ហ្កាហ្សា​​​ទាំងស្រង់ ​មិន​ឲ្យ​មានទំនាក់ទំនងខាងក្រៅ។ ចាប់តាំងពី​ឆ្នាំ​២០០៥មក ការផ្ទុះអាវុធហិង្សាស្លាប់​មនុស្ស​ បានកើតមានជារឿយៗ រវាងក្រុមប្រដាប់អាវុធ​​ហាម៉ាស និងកងទ័ពអ៊ីស្រាអែល។

៧តុលា​២០២៣៖ ការវាយប្រហារភេរវកម្ម​របស់​ក្រុមហាម៉ាស​

សេចក្តីតក់ស្លុតបានជ្រួតជ្រាប​ក្នុងជម្រៅចិត្តប្រជាជនអ៊ីស្រាអែល​ទូទាំងពិភពលោក បន្ទាប់ពីបានដឹងដំណឹង​ នៃការវាយ​ប្រហារយ៉ាងសាហាវព្រៃផ្សៃ របស់ក្រុមហាម៉ាសនៅថ្ងៃទី​៧តុលាឆ្នាំ​២០២៣។ ក្រុមជ្រុលនិយម​នេះ បានចូលមកសម្លាប់ប្រជាជនស៊ីវីលអ៊ីស្រាអែល ចំនួន​១២០០នាក់ និងបានចាប់ចំណាប់ខ្មាំង​ចំនួន​​២៥០នាក់​។ អ៊ីស្រាអែលក្រោមការដឹកនាំនៃ​​រដ្ឋាភិបាលស្តាំនិយមជ្រុល របស់​លោកនេតាន់យ៉ាហ៊ូ ​​បានចាប់ផ្តើ​ម​សង្គ្រាមនៅហ្កាហ្សា​​ ដោយ​ប្តេជ្ញា​កម្ទេច​ក្រុមហាម៉ាសឲ្យវិនាស​។

សង្គ្រាម​២៣ខែមកនេះ បានបណ្តាល​ឲ្យស្លាប់ប្រជាជនប៉ាឡេស្ទីន ជាង​៦៥០០០នាក់ ៩០%សុទ្ធសឹងជា​ជនស៊ីវីល​។​ អង្គការសហប្រជាជាតិបានប្រកាសអាសន្នស្តីពីគ្រោះទុរ្ភឹក្ស នៅតំបន់ហ្កាហ្សា ខណៈរបាយការណ៍​​នៃក្រុមស៊ើបអង្កេតឯករាជ្យ អះអាងថាអ៊ីស្រាអែលកំពុងធ្វើអំពើប្រល័យពូជសាសន៍​លើប្រជាជន​ប៉ាឡេស្ទីន​។ នៅតំបន់ស៊ីហ្សកដានីឯនោះវិញ អ៊ីស្រាអែលបន្តផែនការពង្រីក​អណានិគម​លើដីប៉ាឡេស្ទីន​។ គិតពីថ្ងៃទី​៧តុលា២០២៣មក យ៉ាងហោច​មាន​ជន​ប៉ាឡេស្ទីន​នៅតំបន់ស៊ីហ្សកដានី ​ចំនួន​១០០០នាក់​ ដែលបាន​ស្លាប់​​។

ស្របពេលដែលសហគមន៍អន្តរជាតិ មានបារាំងជាអ្នកផ្តួចផ្តើមគំនិត កំពុងតែចាប់ផ្តើមប្រជុំជជែកគ្នា ដើម្បីស្វែងរកដំណោះស្រាយរដ្ឋពីរ លោកនេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានប្រកាសនៅថ្ងៃទី​១១កញ្ញាថ្មីៗនេះថា “គ្មានថ្ងៃ​ដែលរដ្ឋប៉ាឡេស្ទីន អាចនឹង​​កកើតឡើងបានជាដាច់ខាត​ ព្រោះទីនេះជារបស់អ៊ីស្រាអែល”៕

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
Learn Chinese | ChineseClass101.com by ChineseClass101.com

Learn Chinese | ChineseClass101.com

148 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners