តុលាការខេត្តស្វាយរៀង នឹងបន្តសាកសួរមន្រ្តីយោធាផ្កាយពីរម្នាក់ និងបក្ខពួក៦នាក់ផ្សេងទៀត នៅថ្ងៃសុក្រទី ២៤ខែមេសានេះ ពីបទជាប់ពាក់ព័ន្ធរត់ពន្ធជនជាតិចិនជិត៣០នាក់ ដឹកតាមរថយន្តពីខេត្តស្វាយរៀងមកទីក្រុងភ្នំពេញ។
មន្រ្តីសង្គមស៊ីវិលជំរុញទៅតុលាការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ លើមន្រ្តីយោធាជាន់ខ្ពស់ និងក្រុមបក្ខពួកនេះ ដែលយកតួនាទីរបស់ខ្លួន ប្រព្រឹត្តបទល្មើស ស្របពេលដែលរដ្ឋាភិបាលកំពុងចាត់វិធានការទប់ស្កាត់ការរាលដាលខ្លាំងនៃជំងឺកូវិត ១៩។ មន្ត្រីយោធាជាន់ខ្ពស់ ឧត្តមសេនីយ៍ផ្កាយពីរលោក ស៊ុំ ពៅ ត្រូវបានបណ្តេញចេញពីក្របខណ្ឌហើយនៅថ្ងៃទី២៣ មេសា នេះ តាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ។