Hello VOA - វីអូអេ

Hello VOA - វីអូអេ

By វីអូអេNews
Download on the App Store

Hello VOA - វីអូអេ episodes

  • Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ការពង្រឹងអំណាចដល់ស្រ្តីជាគន្លឹះជួយ​បញ្ចប់​ភាពក្រីក្រ - កុម្ភៈ 04, 2020
    អ្នកស្រី ងន់ វ៉ាន់ថា ស្ថាបនិកសហគ្រាសសូត្រពណ៌កម្ពុជា​ឬ Color Silk Cambodia បាន​ថ្លែង​ថា​នៅ​ពេលស្រ្តី​មាន​ភាពឯករាជ្យ​ទាំងក្នុង​ផ្នែកហិរញ្ញវត្ថុ​និង​ការសម្រេចចិត្ត​នោះ​ វា​នឹង​ជួយ​ពង្រឹង​ស្ថានភាព​គ្រួសារ​របស់​ពួកគេ​ឲ្យ​មាន​ភាពរីកចម្រើន មាន​លទ្ធភាព​ទទួល​បាន​សេវា​សុខាភិបាល​ល្អ​ប្រសើរ មាន​ការរស់​នៅ​សមរម្យ​ មានលទ្ធភាព​បញ្ជូន​កូន​ទៅ​សាលារៀន និងមាន​លទ្ធភាព​ដឹកនាំ​ក្រុមគ្រួសារ​ប្រកប​ដោយ​សុខមាលភាព៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នក​ដឹកនាំ វ៉ាស៊ីនតោន ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២០)
    29 min
  • Hello VOA ពិសេស៖ លោក ត្រាំ ទំនង​ជា​រក្សា​តំណែង​បាន តែ​ប៉ះពាល់​សំឡេង​ឆ្នោត​រើស​ប្រធានាធិបតី អាមេរិក​ខែវិច្ឆិកា - កុម្ភៈ 01, 2020
    សវនាការ​នៅ​ព្រឹទ្ធសភា​ទំនង​ជា​មិន​អាច​រក​សំឡេង​បាន​គ្រប់គ្រាន់​ដើម្បី​កោះ​ហៅ សាក្សី​សំខាន់ៗ​មក​បំភ្លឺ​ និង​មិន​អាច​រក​សំឡេង​២ភាគ​៣ ឬ ៦៧រូប ដើម្បី​ដក​ហូត តំណែង​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​បាន​ទេ ​ដោយសារ​ថា ក្រុម​ព្រឹទ្ធសភា គណបក្ស​សាធារណរដ្ឋ​របស់​លោក ​ត្រាំ​ចំនួន​៥៣រូប ​ក្នុង​ចំណោម​១០០​រូប​មិន​គាំទ្រ។​ តែ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ខ្លះ​បាន​និយាយ​ថា​ កិត្តិយស​លោក ​ត្រាំ និង​គោលនយោបាយ​ការបរទេស​អាមេរិក​ពេល​នេះ មាន​ការ​ប៉ះទង្គិច​ខ្លាំង ដោយសារ​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ទោស​កំហុស​រឿង​រំលោភ​អំណាច និង​ពាក់ព័ន្ធ​នឹង​បទចោទ​ប្រកាន់​រឿងអាស្រូវ​ជាមួយ​បរទេស​ក្នុង​សវនាការ​នៅ​ព្រឹទ្ធសភា​អាមេរិក​នេះ។ រឿង​ទាំង​នេះ​ទំនង​ជា​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ត្រូវ​ពិចារណា នៅ​ពេល​បោះឆ្នោត​ជ្រើស​រើស ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាងមុខ ថាតើ​ត្រូវ​សម្រេច​ឲ្យ​លោក​ ត្រាំ កាន់​តំណែង​ក្នុង អាណត្តិទី​២​ចុង​ក្រោយ ឬ ក៏​ត្រូវ​ផ្លាស់ប្តូរ។ នេះ​បើ​តាម​ការអះអាង​របស់​លោក​ទឹង យ័ប ប្រធាន​អង្គការ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ ​(CAHRAD)​ ក្នុង​រដ្ឋវីជីនៀ ​(Virginia) ​និង ​លោក ​គុជ ច័ន្ទលី ​អ្នកវិភាគ​ក្នុង​រដ្ឋម៉ារីលែន ​(Maryland)៕ (លោក សុខ ខេមរា, Hello VOA ពិសេស, វ៉ាស៊ីនតោន, ៣១ មករា ២០២០)
    31 min
  • Hello VOA៖ មន្ត្រី​សិទ្ធិ​មនុស្ស​ថា​សំណុំ​រឿង​លោក​កឹម សុខា​ គួរ​ដោះស្រាយ​តាម​នយោបាយ​ដើម្បី​រក្សា ​EBA - មករា 31, 2020
    ការ​ចោទ​ប្រកាន់​លោក​ កឹម សុខា ​ប្រធាន​គណបក្ស​ជំទាស់​ដែល​ត្រូវ​រំលាយ​ពីបទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ ឬ ​ក្បត់ជាតិ ​ត្រូវ​អង្គការ​អន្តរជាតិ​និង​ប្រទេស​មួយ​ចំនួន​គិត​ថា​ជា​រឿង​នយោបាយ។ មន្ត្រី​សិទ្ធិមនុស្ស​បាន​លើក​ឡើង​ថា​ រឿង​លោក​កឹម សុខា ​នេះ​គួរ​អ្នក​នយោបាយ​ដោះស្រាយ​គ្នា​ ដើម្បី​កុំឲ្យ​បាត់បង់​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​ EBA​ ដែល​សហភាព​អឺរ៉ុប​នឹង​សម្រេច​នៅថ្ងៃ​ទី១២​ ខែកុម្ភៈ​ ថា​ព្យួរ​ឬ​មិន​ព្យួរ​ ដោយសារ​បញ្ហា​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​កម្ពុជា។​ នេះ​បើតាម​ការ​អះអាង​របស់​លោក ​អំ សំអាត អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ​លីកាដូ។ លោក​ថា​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​ជារឿង​សំខាន់​សម្រាប់​កម្មករ​ជាង​៦០ម៉ឺន​នាក់ ​និង​ពលរដ្ឋ​កម្ពុជា​ជាច្រើន​លាន​នាក់៕ (លោក​សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ៣០ មករា ២០២០)
    25 min
  • Hello VOA៖ អ្នក​ឯកទេស​ស្នើ​ឱ្យ​មាន​តម្លាភាព​ក្នុង​សវនាការ​លោក​កឹម សុខា - មករា 29, 2020
    លោកឱក សេរីសោភក្តិ៍ អ្នកឯកទេស​ផ្នែក​អភិបាលកិច្ច​ល្អ ​ស្នើ​ឱ្យ​តុលាការ​រាជធានី​ភ្នំពេញ​បើក​ឱ្យ​ពលរដ្ឋ​និង​អ្នកសារព័ត៌មាន​ទទួល​បាន​ព័ត៌មាន​ពេញលេញ​ពីសវនាការកាត់​ក្តី​លោក​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ពី​បទ​ក្បត់ជាតិ​ដើម្បី​ឱ្យ​មាន​ភាព​យុត្តិធម៌និង​ពង្រឹង​គោលការណ៍​«តម្លាភាព‍»។ ការ​ស្នើ​ឡើង​នេះ​បាន​ធ្វើឡើង ក្រោយពី​តុលាការ​បាន​រឹតត្បិត​អ្នក​សារព័ត៌មាន​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ​មិន​ឱ្យ​ចូលរួម​យក​ព័ត៌មាន​និង​សង្កេតការណ៍​ដោយ​ផ្ទាល់។ (លោក​ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៧ មករា ២០២០)
    26 min
  • Hello VOA៖ អ្នកស្រី​មូរ សុខហួរ​ ជំរុញ​លើក​កម្ពស់​សិទ្ធិ​សហជីព​កម្មករ​សំណង់ - មករា 24, 2020
    អតីតបក្ស​ប្រឆាំង​នៅ​កម្ពុជា​ យល់​ថា ​សហជីព​ខាង​ផ្នែក​សំណង់​គួរតែ​មាន​សិទ្ធិ​ធំ​ជាង​មុន​ ដើម្បី​ការពារ​ផលប្រយោជន៍​កម្មករ​ក្នុងពេល​ដែល​ពួកគេ​ប្រឈមនឹង​កង្វះសុវត្ថិភាព​កាន់​តែ​ខ្លាំង ​ខណៈពេល​ដែល​វិស័យ​សំណង់​កាន់តែ​រីក​ដុះដាល ​ជាពិសេស​ក្រោយពី​ការ​បាក់​សំណង់​ថ្មី​ពីរកន្លែង ​ដែល​មាន​ពលរដ្ឋ​កម្ពុជា​ជាង​១០០នាក់​ស្លាប់ ​និង​របួស។ អ្នកស្រី​មូរ សុខហួរ​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​បាន​បញ្ជាក់​ក្នុង​កម្មវិធី Hello VOA ​ថា​ ​កូនៗ​របស់​កម្មករ​សំណង់​ទាំង​នោះ​ក៏​រង​ផលប៉ះពាល់​ខ្លាំង​ទាំង​សុវត្ថិភាព​និង​ការ​សិក្សា​ ដែល​បញ្ហា​ទាំងអស់​នេះ​គឺ​រដ្ឋាភិបាល​កម្ពុជា​និង​អ្នក​តំណាងរាស្ត្រ​ត្រូវ​យកចិត្ត​ទុកដាក់៕ (លោក​ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៣ មករា ២០២០)
    27 min
  • Hello VOA សំឡេង​ជំនាន់​ថ្មី៖ ជី​អាចម៍​ជន្លេន​ជួយ​ជីវភាព​កសិករ​និង​បរិស្ថាន​ - មករា 20, 2020
    «ជន្លេន»​គឺ​គម្រោងកែប្រែ​កាក​សំណល់​សរីរាង្គ​ ឬ​កាក​សំណល់​សើម ​ឲ្យ​ទៅ​ជា​អាចម៍​ជន្លេន ដែល​ជា​ជី​មាន​សារធាតុ​ចិញ្ចឹម​សម្រាប់​កសិករ​ប្រើប្រាស់​លើដំណាំ​ ដើម្បីកាត់​បន្ថយការ​ប្រើ​ប្រាស់​ជី​គីមី។ កញ្ញា សុខ​ សុធារតន៍​ ស្ថាបនិក «ជន្លេន» ដែល​ជា​គម្រោង​កែប្រែ​កាក​សំណល់​សរីរាង្គ​ទៅ​ជា​ជី​អាចម៍​ជន្លេន​ លើក​ឡើង​ក្នុង​កម្មវិធី​ Hello VOA សំឡេង​ជំនាន់​ថ្មី​ កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ថា ការ​ចិញ្ចឹម​ជន្លេន​ឲ្យ​ស៊ី​កាក​សំណល់​សរីរាង្គ​ អាច​ជួយ​ការពារ​បរិស្ថាន និង​ធ្វើ​ឲ្យជីវភាព​កសិករ​ប្រសើរ​ឡើង។ (កាន់ វិច្ឆិកា, Hello VOA សំឡេង​ជំនាន់​ថ្មី, ភ្នំពេញ, ២០ មករា ២០២០)
    30 min
  • Hello VOA សុខភាព៖ ជំងឺ​មហារីក​ដោះ (ភាគ​ទី​២) វិធី​ព្យាបាល​និង​ការ​បង្ការ - មករា 17, 2020
    អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​ លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក និង​លោក ព្រាប ឡី វេជ្ជបណ្ឌិត​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា​ របៀប​ព្យាបាល​ជំងឺ​មហារីក​ដោះ​ គេ​ត្រូវ​ជ្រើសរើស​តាម​ប្រភេទ​មហារីក​ ដំណាក់​កាល​ កម្រិត ទំហំ និង​តើ​កោសិកា​មហារីក​អាច​ប្រែប្រួល​ក្រោម​អនុភាព​អ័រម៉ូន​ឬ​ក៏​អត់។ អ្នក​ជំនាញ​ណែនាំ​ឲ្យ​ស្ត្រី​ស្គាល់​ចំណាំ​និង​យល់​ច្បាស់​ពី​ដោះ​របស់​ខ្លួន​ឯង ស្គាល់​សុខភាព​ទូទៅ​របស់​ដោះ​ យល់​ពី​ផលប្រយោជន៍​ និង​ត្រូវ​ស្ទាប​ដោះ​រក​មហារីក​ខ្លួន​ឯង​ជា​ប្រចាំ ហើយ​ប្រសិន​បើ​ដឹង​ថា ​មាន​សាច់ដុំ​ នោះ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ១៦ មករា ២០២០)
    29 min
  • Hello VOA៖ សហជីព​កម្មករ​ថា អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​តែ​ជា​អាថ៌កំបាំង​​​ - មករា 14, 2020
    តំណាង​សហជីព​កម្មករ​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា ​ភាព​ស្រពិចស្រពិល​ចំពោះ​អ្នក​ទទួល​ខុស​ត្រូវ នៅ​តែ​មាន​នៅ​ឡើយ ក្រោយ​ពី​មាន​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា។ លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃឈើ​កម្ពុជា ​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ ​Hello VOA ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៣​ ខែ​មករា​ ឆ្នាំ​២០២០​ ​ថា៖​ «‍មាន​បញ្ហា​អាថ៌កំបាំង​ច្រើន​នៅ​ក្នុង​នោះ ដោយសារ​តែ​យើង​ពិនិត្យ​មើល​ទៅ​ពាក់ព័ន្ធ​នឹង​រឿង​ហ្នឹង ឃើញ​ខាង​មន្ទីរ​ចុះ​ត្រួត​ពិនិត្យ​មើល​ថា​ ការ​សាង​សង់​ហ្នឹង វា​ខុស​បច្ចេកទេស ប៉ុន្តែ​មិន​បាន​ហាមឃាត់​ជា​បន្ទាន់​ឬ​ចាត់​វិធានការណ៍​ណាមួយទៅ​លើ​អ្នក​សាងសង់​ឬ​ក្រុមហ៊ុន​ហ្នឹង​ទេ។ ឃើញ​ហើយ​នៅ​តែ​បន្ត ដល់​ពេល​បញ្ហា​កើត​ឡើង អត់​ដឹង​ថា​អ្នក​ណា​ទទួល​ខុសត្រូវ»។ អ្នកស្រី អ៊ូ ទេពផល្លីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ ចំណីអាហារ​និង​សេវា​កម្ម​កម្ពុជា ដែល​ជា​វាគ្មិន​ម្នាក់​ដែរ មាន​ប្រសាសន៍​ថា ៖ «‍គឺ​ថា​វប្បធម៌​នៅ​ស្រុក​យើង មាន​តែ​ទទួល​ត្រូវ តែ​មិន​ដែល​មាន​ទទួល​ខុស»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,១៣ មករា ២០២០)
    31 min
  • Hello VOA៖ អ្នក​ជំនាញ​ថា​ប្រទេស​សាមី​អាច​ទាមទារ​ទ្រព្យ​របស់​បុគ្គល​ពុករលួយ​មក​វិញ​បាន​​​ - មករា 10, 2020
    អ្នក​ជំនាញ​ខាង​តម្លាភាព​និង​អភិបាលកិច្ច​ក្នុងប្រទេស​កម្ពុជា បាន​លើកឡើង​ថា ​ប្រទេស​សាមី​នៃ​ជន​ដែល​ត្រូវ​បាន​រក​ឃើញ​ថា ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ អាច​ស្នើ​សុំ​ឬ​សហការ​ជាមួយ​ប្រទេស​ដទៃ ដើម្បី​ទាមទារ​យក​ទ្រព្យសម្បត្តិ​របស់​ជន​នោះ​ដែល​ស្ថិត​នៅ​ក្រៅ​ប្រទេស​មកវិញ​បាន។ លោក ប៉ិច ពិសី នាយក​កម្មវិធី​ជាន់ខ្ពស់​នៃ​អង្គការ​តម្លាភាព​កម្ពុជា​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ ​Hello VOA ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​ខែ​មករា​ឆ្នាំ​២០២០​ ដោយ​លើក​យក​ឧទាហរណ៍​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បច្ចុប្បន្ន​ថា៖​ «‍គឺ​លោក​ Jho Low គឺ​គាត់​ជាប់​ពាក់ព័ន្ធ​ជាមួយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី គឺ​គាត់​មាន​ទ្រព្យ​ច្រើន​ នៅ​ប្រទេស​អឺរ៉ុប​ផង នៅ​ចិន​ផង នៅ​សាំងហ្គាពួរ​ផង នៅ​សហរដ្ឋ​អាមេរិក​ក៏​មាន អញ្ចឹងបច្ចុប្បន្ន​នេះ​គឺ​រដ្ឋាភិបាល​ម៉ាឡេ ក្រោយ​ពី​លោក​បណ្ឌិត ​Mahathir [Mohamad] គាត់​បាន​ឈ្នះ​ឆ្នោត​មក​ គឺ​គាត់​បាន​ព្យាយាម​នៅ​ក្នុង​ការ​ចាប់ផ្ដើម​នីតិវិធី​នៃ​ការ​យក​ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​បាន​បាត់​បង់​តាម​រយៈ​លោក Jho Low​ហ្នឹង​ មក​ឱ្យ​ប្រជាពលរដ្ឋ​ម៉ាឡេ​វិញ»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ០៩ មករា ២០២០)
    26 min
  • Hello VOA៖ ឆ្នាំ​វៀតណាម​ធ្វើ​ប្រធាន​អាស៊ាន​និង​ការ​ត្រៀម​ខ្លួន​របស់​កម្ពុជា - មករា 03, 2020
    វៀតណាម​ដែល​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ​និង​ជា​រដ្ឋ​ភាគី​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​នឹង​ចិន​ផង​ ​បាន​និង​កំពុង​ឡើង​គ្រង​តំណែង​ជា​ប្រធាន​ឆ្លាស់​វេន​របស់​អាស៊ាន​ ​នៅ​ឆ្នាំ​២០២០​នេះ។​ ក្នុង​ឆ្នាំ​២០២០​ដែល​វៀតណាម​ធ្វើ​ប្រធាន​អាស៊ាន​នេះ​ ​តំបន់​អាស៊ាន​ខ្លួន​ឯង​និង​សាកលលោក​ទាំងមូល​ ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​តានតឹង​ ​ក្នុង​សំណុំរឿង​និង​របៀបវារៈ​ជាច្រើន​ ​ដែល​ការណ៍​នេះ​នាំ​ឱ្យ​ឆ្នាំ​២០២០​ ​ជា​ឆ្នាំ​សាកល្បង​ថាមពល​របស់​ប្លុក​ដែល​មាន​១០​ប្រទេស​នេះ​ ​ថា ​រឹងមាំ​កម្រិត​ណា​ ​ជាពិសេស​ជាមួយ​នឹង​ការ​ដឹកនាំ​របស់​វៀតណាម​តែម្ដង។​ លោក​ ពុយ​ គា​ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​យូរឆ្នាំ​ ឱ្យ​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូដូ​ ​ដែល​បាន​តាមដាន​កិច្ចការ​អាស៊ាន​អស់​២០​ឆ្នាំ​មក​ហើយ​ ​បាន​អញ្ជើញ​មក​ចូលរួម​ជា​វាគ្មិន​ ​ដើម្បី​ជជែក​អំពី​បញ្ហា​ខាងលើ​ ​ក្នុង​កម្មវិធី​ ​Hello​ ​VOA​ ​កាលពី​រាត្រី​ថ្ងៃ​ទី​០២​ ​ខែ​មករា​ ​ឆ្នាំ​២០២០។ (អូន ឆេងប៉រ, Hello VOA, ភ្នំពេញ, ២ មករា ២០២០)
    32 min

About Hello VOA - វីអូអេ

From the publisher's feed

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ…