
Sign up to save your podcasts
Or


ស្ថិតនៅតាមដៃបឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់ សហគមន៍នេសាទ«ស្រីចឹក» ជាតំបន់ដែលពលរដ្ឋប្រកបរបរនេសាទត្រីដ៏សំខាន់មួយតាំងពីយូរលង់ណាស់មកហើយ។ ពលរដ្ឋរស់នៅលើបឹងទន្លេសាប តែងហៅខ្លួនឯងថាជា«អ្នកទន្លេ» បានចាត់ទុកបឹងទន្លេសាប ជាដីស្រែ ឬជាឆ្នាំងបាយរបស់ពួកគេ។ ចំណែកព្រៃលិចទឹក ក៏ប្រៀបបាននឹងជីវិតអ្នកនេសាទដែរ ពោល បើបាត់បង់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប គឺស្មើនឹងបាត់បង់ប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ពួកគេ៕
រូបគំនូរមនុស្សត្រូវគេរុំភ្នែក ចាប់ចងអូសបណ្តើរជាខ្សែចូលមន្ទីរស ២១ (គុកទួលស្លែង) ទាំងយប់ងងឹត។ នៅមុខកាមេរ៉ារបស់សមិទ្ធិករ ប៉ាន់ រិទ្ធី អតីតមេគុកទួលស្លែង ឌុច បានពន្យល់ពីដំណើរការសួរចម្លើយអ្នកទោស។ រូបគំនូររបស់វ៉ាន់ណាត អ្នករួចរស់ជីវិតពីគុកទួលស្លែង និងខ្សែភាពយន្តឯកសាររបស់ប៉ាន់ រិទ្ធី រឿង "ឌុច គ្រូលត់ដំនៅឋាននរក" មិនមែនគ្រាន់តែរូបភាព សាច់រឿងកុនដែលគេមើលរួចហើយចប់នោះទេ ប៉ុន្តែ វាជាសក្ខីកម្មលាតត្រដាងអំពើឃោឃៅ ឧក្រិដ្ឋកម្មសម្លាប់មនុស្សក្នុងរបបខ្មែរក្រហម។ លោកស្រី សូកូ ផៃ សាស្រា្តចារ្យផ្នែកប្រវត្តិសាស្រ្តសិល្បៈនៅសកលវិទ្យាល័យ ប៉ារីស៍ ទី៨ បានចំណាយពេលសិក្សា ស្រាវជ្រាវ១៨ឆ្នាំ អំពីការងាររបស់សិល្បករនៅចំពោះមុខអំពើព្រៃផ្សៃ ដែលខ្មែរក្រហមព្យាយាមលុបបំបាត់ចោលមិនឲ្យគេឃើញដាន។ "កម្ពុជា សិល្បៈនៅចំពោះមុខអំពើព្រៃផ្សៃ ពីលោកប៉ាន់ រិទ្ធីរហូតដល់យុវជនជំនាន់ក្រោយ" ជាសៀវភៅដែលលោកស្រីសូកូ ផៃទើបសរសេរចប់ និងបោះពុម្ពផ្សាយកាលពីខែមេសា។
កិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង ហៅកាត់ថា APF ត្រូវបានរៀបចំឡើងជាលើកទី២ នៅលើទឹកដីនៃខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់សមាជិកសភាកម្ពុជា សភាប្រើភាសាបារាំងមកពី ១៧ប្រទេស តំណាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ហៅកាត់ថា OIF ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជាសរុបជាង ១០០នាក់។ នៅក្នុងអំឡុងចូលរួមកិច្ចប្រជុំដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង APF បានផ្តល់បទសម្ភាសន៍ពិសេសដល់វិទ្យុបារាំងអន្តរជាតិ RFI។ លោក អ៊ុច បូររិទ្ធ បានសង្កត់ធ្ងន់ថា កិច្ចប្រជុំសភាប្រើភាសាបារាំងនៅប្រទេសកម្ពុជាមានសារៈសំខាន់ខ្លាំងនៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអន្តរសភា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានារបស់តំបន់ និងពិភពលោក ជាពិសេសបញ្ហាទាក់ទងប្រទេសកម្ពុជាខ្លួនឯងផ្ទាល់ ដែលបន្តខិតខំស្វែងរកដំណោះស្រាយដោយសន្តិភាពយូរអង្វែងតាមផ្លូវច្បាប់ សម្រាប់បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ៕
អ្នកប្រកបរបររត់កង់បីមួយចំនួននៅក្នុងទីក្រុងភ្នំពេញ រកចំណូលបានតិចតួច ជាហេតុធ្វើឲ្យពួកគេសម្រេចចិត្តស្នាក់នៅតាមដងផ្លូវសាធារណៈ ដោយយកកង់បីធ្វើជាបន្ទប់គេង និងយកមេឃធ្វើជាដំបូល។ ទិដ្ឋភាពបែបនេះ គឺដោយសារតែតម្លៃហ្គាស និងទំនិញនៅលើទីផ្សារបានឡើងថ្លៃ ដែលបញ្ហានេះ ជាការប្រឈមដល់ជីវភាពអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមអ្នករត់កង់បីមួយចំនួនស្នើសុំឱ្យរដ្ឋាភិបាលជួយសម្របសម្រួលបញ្ចុះតម្លៃហ្គាស និងសុំឱ្យក្រុមហ៊ុនដឹកជញ្ជូនបញ្ចុះតម្លៃជើងសារ៕
ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦នេះ ក្រុមសង្គមស៊ីវិលផ្នែកការងារ សហជីព និងកម្មករប្រមាណជាង ២០០នាក់បានជួបជុំគ្នានៅលើសួនច្បារខាងមុខស្ថានទូតបារាំង ដើម្បីដង្ហែរញត្តិទៅកាន់ស្ថានទូតលោកខាងលិចនានា និងទៅកាន់ស្ថាប័នរដ្ឋាភិបាលមួយចំនួន។ ខ្លឹមសារញត្តិត្រូវបានមេដឹកនាំសហជីពផ្ដោតលើប្រធានបទ «ស្តារឡើងវិញ និងកែទម្រង់ឧបសគ្គនានារារាំងដល់ការអនុវត្តសេរីភាពសហជីព»។ តែក្រសួងការងារអះអាងថា ក្រសួងតែងយកចិត្តទុកដាក់ពីកង្វល់របស់កម្មករនិយោជិត និងស្វែងរកដំណោះស្រាយពិតប្រាកដសម្រាប់ពួកគេ៕
Alix Langlois គឺជាសហគ្រិនស្ត្រីវ័យក្មេងជនជាតិបារាំងម្នាក់ដែលធ្លាប់ធ្វើដំណើរមកប្រទេសកម្ពុជាតាមរយៈការងារស្ម័គ្រចិត្តក្នុងអង្គការក្រៅរដ្ឋាភិបាលមួយកាលពីឆ្នាំ ២០១៦។ ដោយចាប់ចិត្តស្រលាញ់ស្នាមញញឹមរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ Alix បានត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ ២០១៩ ជាមួយនឹងការបង្កើតគម្រោងថ្មីមួយឈ្មោះ Trash is Nice ឬហៅថា សម្រាមល្អដោយបានបង្កើតសិប្បកម្មកែច្នៃសម្រាមប្លាស្ទិកឲ្យទៅជាវត្ថុមានតម្លៃ និងសម្ភារៈដែលអាចប្រើប្រាស់ឡើងវិញបាន។ តាមរយៈសិប្បកម្មមួយនេះ Alix ចង់បង្ហាញពីគំរូសេដ្ឋកិច្ចដ៏សំខាន់មួយ និនចូលរួមបង្កើតការងារធ្វើក្នុងស្រុក ពិសេសបង្កើនការអប់រំ និងផ្សព្វផ្សាយពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកលើបរិស្ថាន។
នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ អ្នកប្រកបរបររត់កង់បីប្រមាណ ២០០នាក់ បាននាំគ្នាតវ៉ាជាលើកទី២ នៅមុខការិយាល័យក្រុមហ៊ុនដឹកជញ្ជូន Grab ស្ថិតលើផ្លូវត្រសក់ផ្អែមជិតផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តែក្រុមហ៊ុនដឹកជញ្ជូន Grab បានអះអាងថា ខ្លួនបានកែប្រែតម្លៃជើងសារ និងថ្លៃដឹកជញ្ជូន ក្នុងនោះ តម្លៃដឹកជញ្ជូនក្នុងរង្វង់ ១២០០រៀលក្នុងមួយគីឡូម៉ែត្រ ហើយតម្លៃជើងសារក្នុងរង្វង់ ១៥%ក្នុងមួយថ្ងៃ។ ចំណែកការកាត់តម្លៃជើងសារលើសពី ១៥% នឹងត្រូវក្រុមហ៊ុន Grab ទូទាត់សងវិញនៅថ្ងៃបន្ទាប់។
ឌីជេ យ៉ូយ៉ូ ដែលមានឈ្មោះពិតហៅថា Matthias គឺជាយុវជនជនជាតិបារាំងម្នាក់ ដែលបានធ្វើដំណើរមកប្រទេសកម្ពុជាតាំងពីអាយុ ១៨ឆ្នាំ។ ជាអ្នកស្រលាញ់ចូលចិត្តវប្បធម៌ ប្រពៃណី ស្នាមញញឹម និងភាពរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរ យ៉ូយ៉ូ បានសម្រេចចិត្តបោះបង់អាជីព និងការសិក្សារបស់ខ្លួននៅប្រទេសបារាំង មករស់នៅដោយមានសេចក្តីសុខ ជាមនុស្សសាមញ្ញម្នាក់នៅកម្ពុជា។ ហែលឆ្លងនឹងជីវិតជាកម្មករសំណង់តាំងពីវ័យក្មេង យ៉ូយ៉ូ បានហាត់រៀននិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ មុននឹងរូបគេឈានចាប់យកអាជីពជាតារាឌីជេ និងក្លាយជាអ្នកមានឥទ្ធិពលម្នាក់នៅក្នុងបណ្តាញសង្គម ព្រមទាំងជាតារាបង្ហាញម៉ូតម្នាក់ផងដែរ។ រយៈពេលជាង ៦ឆ្នាំនៃការរស់នៅក្នុងប្រទេសកម្ពុជា ឌីជេយ៉ូយ៉ូ នៅតែស្រលាញ់ចូលចិត្តប្រជាជនខ្មែរ និងចាត់ទុកស្រុកខ្មែរគឺជាផ្ទះទីពីររបស់ខ្លួន៕
ប្រេងឥន្ធនៈ និងជីកសិកម្មបន្តឡើងថ្លៃ រហូតធ្វើឲ្យកសិករដាំបន្លែមួយចំនួន នៅស្រុកស្អាង ខេត្តកណ្ដាល បង្ខំចិត្តបន្ថយផ្ទៃដីដាំដុះ ចំណែកខ្លះទៀតទុកដីទំនេរចោលមួយរយៈ។ នៅចំពោះមុខវិបត្តិប្រេង និងជីកសិកម្មឡើងថ្លៃ ក្រសួងកសិកម្មបានអះអាងថា ស្ថានភាពដែលកំពុងកើតមាន នាពេលនេះ នឹងមិនប៉ះពាល់ខ្លាំងដល់ការផ្គត់ផ្គង់បន្លែក្នុងស្រុកឡើយ។ មិនប៉ះពាល់ ដ្បិតថា កម្ពុជាមានការកើនឡើងនៃការដាំដុះ ក្នុងផ្ទះសំណាញ់ ដែលអាចផ្គត់ផ្គង់បន្លែបានពេញមួយឆ្នាំ៕
ថ្ងៃទី១៧ មេសា ឆ្នាំ២០២៦ គឺជាខួបមរណភាព១០ឆ្នាំ របស់សិល្បករកវីនិពន្ធកម្ពុជាម្នាក់គឺ លោក គង្គ ប៊ុនឈឿន។ លោក គង្គ ប៊ុនឈឿន មិនត្រឹមតែជាកវីនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះម្នាក់ដែលឆ្លុះបញ្ចាំងពីតថភាពសង្គមពិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកវីនិពន្ធបទភ្លេង និពន្ធបទចម្រៀងនិងខ្សែភាពយន្តដ៏ល្បីឈ្មោះផងដែរ ក្នុងយុគសម័យមាសនៃបទចម្រៀងនិងខ្សែភាពយន្តខ្មែរនា ទសវត្សរ៍ទី៦០ និង៧០។ បទចម្រៀងនិងស្នាដៃនិពន្ធរបស់លោក គង្គ ប៊ុនឈឿន ជាច្រើនត្រូវបានច្រៀងដោយអធិរាជសំឡេងមាសលោកស៊ិន ស៊ីសាមុត និងអ្នកចម្រៀងល្បីៗផ្សេងទៀតដូចជាលោកស្រីរស់ សេរីសុទ្ធា។ សម្រាប់ខួប១០ឆ្នាំនៃមរណភាពរបស់លោកគង្គ ប៊ុនឈឿន រូបសំណាករបស់កវីម្ចាស់ស្ទឹងសង្កែរូបនេះ ក៏ត្រូវបានឆ្លាក់ជាលើកដំបូងនិងដំឡើងនៅក្បែររូបសំណាកអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត តាមដងស្ទឹងសង្កែក្នុងខេត្តបាត់ដំបង តាមបណ្តាំនិងបំណងប្រាថ្នាចុងក្រោយរបស់លោក ហើយភាពយន្តឯកសារអំពីស្នាដៃនិងជីវិតចុងក្រោយរបស់លោកក៏ត្រូវបានបង្ហោះនៅតាមបណ្តាញសង្គមដោយក្រុមគ្រួសាររបស់លោកផងដែរ៕