ថ្មីៗនេះ អតីតអ្នកនយោបាយនៃគណបក្សប្រឆាំងបានចេញមុខសុំសិទ្ធិធ្វើនយោបាយឡើងវិញជាបន្តបន្ទាប់។ ការសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះ ត្រូវបានពួកគេអះអាងថា ធ្វើឡើងដើម្បីរួបរួម «អ្នកប្រជាធិបតេយ្យ» ឡើងវិញ។ ជាការពិត ចរន្ត «អ្នកប្រជាធិបតេយ្យ» មិនមែនជារឿងថ្មីអ្វីទេនៅកម្ពុជា។ ពាក្យថា «ប្រជាធិបតេយ្យ ឬអ្នកប្រជាធិបតេយ្យ» គឺជាអ្វីដែលអ្នកនយោបាយនៅកម្ពុជា តែងតែលើកឡើងដើម្បីទាក់ទាញការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។ ប៉ុន្តែក្នុងការអនុវត្តជាក់ស្ដែងនារយៈពេលជាង៣ទសវត្សចុងក្រោយនេះ គេសង្កេតឃើញថា អ្នកនយោបាយទាំងនោះ ពុំទាន់បានអនុវត្តគោលការណ៍ប្រជាធិបតេយ្យឲ្យបានពេញលេញនៅឡើយទេ។