ប្រមុខរដ្ឋ-រដ្ឋាភិបាលនៃក្រុមប្រទេសមហាឧស្សាហកម្មនិងសេដ្ឋកិច្ចលូតលាស់ខ្លាំងជាងគេ២០ដំបូងនៅលើពិភពលោក ហៅកាត់ថា G២០ ត្រូវមកជួបជុំគ្នានៅថ្ងៃទី៩និង១០កញ្ញានេះ ក្នុងក្រុងញូវដេលីប្រទេសឥណ្ឌា។ ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំជំនួបកំពូលហ្សេ២០ ឥណ្ឌាបានចាត់វិធានការសុវត្ថិភាពយ៉ាងសម្បើមផង វិធានការបោសសម្អាតរដ្ឋធានីដែលល្បីខាងពុលនិងកខ្វក់ខ្លាំងផង។ លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ចង់ឆ្លៀតពេលជាប្រធានផ្លាស់វេនហ្សេ២០ ក្នុងការលើកតម្កើងរូបភាពនយោបាយរបស់លោកលើកឆាកអន្តរជាតិផង និងបញ្ជាក់អំពីតួនាទីរបស់ប្រទេសឥណ្ឌានៅលើពិភពលោកផង។