ការបោះពុម្ពសៀវភៅនៅស្រុកខ្មែរកំពុងតែរីកដុះដាល។ សូម្បីតែនៅក្នុងបរិបទកូវីដ១៩ ក៏គេសង្កេតឃើញថា មានសៀវភៅថ្មីៗជាច្រើនបន្តចេញផ្សាយ ដើម្បីកំដរអារម្មណ៍មិត្តអ្នកអាន។ យ៉ាងណាម៉ិញ ទន្ទឹមគ្នានេះ គេក៏សង្កេតឃើញដែរថា ការលួចចម្លងសៀវភៅយកទៅផលិតឡើងវិញក្នុងទម្រង់ផ្សេងៗដោយគ្មានការអនុញ្ញត មានការកើនឡើងគួរឲ្យព្រួយបារម្ភ។ ការលួចចម្លងសៀវភៅនេះ កំពុងតែធ្វើឲ្យអ្នកនិពន្ធជាច្រើនបាត់បង់ប្រាក់ចំណូល ព្រមទាំងកម្លាំងចិត្ត រហូតគិតចង់ឈប់តែងនិពន្ធថែមទៀត។