នៅថ្ងៃពុធ ទី០៦ ខែមីនានេះ តំណាងសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណ ៣០នាក់ បានដាក់ញត្តិនៅក្រសួងការងារ ដើម្បីស្នើឲ្យរដ្ឋមន្ត្រីការងារថ្មីជួយដោះស្រាយវិវាទការងាររបស់ពួកគេជាមួយថៅកែកាស៊ីណូណាហ្គាវើលដ៍ ដែលអូសបន្លាយជិត៣ឆ្នាំមកហើយ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរាជាតិ RFI នៅថ្ងៃពុធនេះ កញ្ញា ឈឹម សុខន អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ជាក់ថាការស្នើសុំរដ្ឋមន្ត្រីក្រសួងការងារថ្មីឲ្យជួយដោះស្រាយវិវាទការងាររវាងបុគ្គលិក និងថៅកែ ក្រុមហ៊ុនណាហ្គាវើលដ៏ដោយឥតលម្អៀង គឺដោយសារក្រុមហ៊ុនបង្កើនការធ្វើទុក្ខបុកម្នេញមកលើបុគ្គលិកថ្មីៗបន្ថែមទៀត។