កុប្បកម្ម អំពើហិង្សាដុតរថយន្ត ទ្រព្យសម្បត្តិសាធារៈ និងវាយបំផ្លាញចូលលួចហាងទំនិញ នៅបន្តមាននៅប្រទេសបារាំង។ តាមក្រសួងមហាផ្ទៃបារាំង ប៉ូលិសចាប់ឃាត់ខ្លួនមនុស្សជាង ៧០០នាក់នៅទូទាំងប្រទេស នៅក្នុងអំពើហិង្សាកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ ពោលគឺធ្លាក់ចុះបន្តិច បើប្រៀបធៀបនឹងយប់ថ្ងៃសុក្រ ដែលមានចំនួនដល់ទៅជាង ៩០០នាក់ ក្នុងរយៈពេលតែមួយយប់។ ការប្រឈមមុខហិង្សារវាងកងកម្លាំងរសក្សាសណ្តាប់ធ្នាប់ និងកុប្បករហាក់ធ្លាក់ចុះបន្តិច នៅទីក្រុងប៉ារីស នៅយប់ថ្ងៃសៅរ៍ ប៉ុន្តែ ទីក្រុងធំៗពីរ ដូចជាលីយ៉ុង និងម៉ាសីយ៍កុប្បករនៅបន្តប្រើបាញ់គ្រាប់កាំជ្រួច លាយកាំភ្លើងពិតទៅលើប៉ូលិស។ នៅម៉ាសីយ៍ ក្រសួងមហាផ្ទៃបញ្ជូនប៉ូលិសទៅពង្រឹងសន្តិសុខបន្ថែម បន្ទាប់ពីមានការព្រួយបារម្ភពីការផ្ទុះអំពើហិង្សាសម្លាប់មនុស្ស នៅក្រោយក្រុមកុប្បករវាយបំផ្លាញចូលលួចហាងលក់កាំភ្លើង មួយកន្លែង កាលពីថ្ងៃសុក្រ។ នៅព្រឹកថ្ងៃអាទិត្យនេះ អ្នកនយោបាយបារាំងត្រូវភ្ញាក់ផ្អើល រន្ធត់ នៅបន្ទាប់ពីគេហដ្ឋានរបស់ចៅហ្វាយក្រុងម្នាក់ នៅជាយក្រុងប៉ារីសត្រូវកុប្បករបើករថយន្តបុកបំផ្លាញ នៅអាធ្រាត្រថ្ងៃសៅរ៍ ដែលបានបណ្តាលឲ្យរបួស ភរិយា និងកូនប្រុសរបស់ចៅហ្វាយក្រុង។