កូរ៉េខាងជើងកំពុងត្រៀមខ្លួនប្រារព្ធខួប៧០ឆ្នាំនៃការបិទបញ្ចប់សង្រ្គាមកូរ៉េ ដែលត្រូវប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ខានស្អែក។ តាមទីភ្នាក់ងារព័ត៌មានផ្លូវរដ្ឋកូរ៉េខាងជើង KCNA ថ្នាក់ដឹកនាំជាន់ខ្ពស់ចិន និងរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី ត្រូវអញ្ជើញឲ្យចូលរួម ក្នុងពិធីបុណ្យជាតិដែលរបបព្យុងយ៉ាង យកចិត្តទុកដាក់រៀបចំ យ៉ាងសម្រិតសម្រាំង។ ដើម្បីត្រៀមប្រារព្ធខួបថ្ងៃជ័យជំនះ កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលបាលីស្ទិក២ដើមថែមទៀត នៅយប់ថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប និងមីស៊ីលបណ្តែត ជាបន្តបន្ទាប់គ្នា នៅសប្តាហ៍មុន។ កូរ៉េខាងជើងបានបិទទ្វារមិនទទួលជនបរទេស ជាង៣ឆ្នាំមកហើយ ដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ។