ខុសពីឆ្នាំកន្លងទៅ ពោលគឺចាប់តាំងពីដើមខែមករានេះ តំបន់មួយចំនួនក្នុងប្រទេសកម្ពុជាបានប្រឈមនឹងការខ្វះខាតទឹកដើម្បីធ្វើស្រែប្រាំង។ ឆ្លើយតបទៅនឹងបញ្ហានេះ ក្រសួងធនធានទឹកបានចាប់ផ្តើមអន្តរាគមន៍ភ្លាមៗ ជួយសង្គ្រោះស្រូវប្រជាពលរដ្ឋឲ្យអស់លទ្ធភាពនៅតាមតំបន់ដែលមានប្រភពទឹក។ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកបានលើកឡើងថាដោយសារតម្លៃស្រូវថ្លៃកសិករនៅតំបន់មួយចំនួនបានសម្រុកធ្វើស្រែប្រាំងលើកទីពីរ និងបន្តដាំដុះលើផ្ទៃដីស្រូវវស្សា ដែលមិនធ្លាប់ដាំដុះនៅឆ្ងាយពីប្រភពទឹកជាហេតុនាំឲ្យខ្វះទឹក។ តាមអ្នកនាំពាក្យក្រសួងធនធានទឹក ទឹកមិនអាចឆ្លើយតបបានទេ ប្រសិនបើការដាំដុះស្រូវប្រាំងលើសពីរង្វង់៦០ម៉ឺនហិចតានៅរដូវប្រាំង។ ទោះយ៉ាងណាក្រសួងធនធានទឹក នៅតែបន្តអន្តរាគមន៍ឲ្យអស់លទ្ធភាពតាមរយៈប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់ជាង ២៣០០ប្រព័ន្ធ និងបន្តពង្រីកប្រព័ន្ធស្រោចស្រពបន្ថែមទៀតទៅអនាគត ដោយមានជំនួយពីដៃគូអភិវឌ្ឍន៍ផងដែរ។ នេះបើតាមលោក ចាន់ យុត្ថា។