ក្រុមអ្នកជំនាញបច្ចេកទេសខ្មែរ និងបារាំងពីសាលាបារាំងចុងបូព៌ា បាននិងកំពុងដំឡើងនិងជួសជុលរូបព្រះសិវៈរាំ ពីបំណែកថ្មតូចធំជាង១ម៉ឺនដុំ ដែលមានប្រភពមកពីតួប្រាសាទក្រហមនៅកោះកេរ នាសតវត្សទី១០។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងនៅថ្ងៃទី៥កុម្ភៈ ឆ្នាំ២០២៤ លោក ឆាន់ ចំរើន អនុប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណនៃក្រសួងវប្បធម៌នៅអភិរក្សដ្ឋានអង្គរ ឱ្យដឹងថា រយៈពេល៦ឆ្នាំមកនេះ ការផ្គុំថ្មនិងការដំឡើងរូបបដិមារធំជាងគេនៅអាស៊ីនេះ បានសម្រេច៨០%ហើយ ខណៈផ្នែកសេសសល់២០%ទៀត អ្នកជំនាញនឹងបន្តជួសជុល និងបំពេញដោយការប្រើល្បាយថ្មថ្មីជំនួសឱ្យថ្មដែលផ្គុំមិនបាន។ តាមបុរាណវិទូរូបនេះ រូបព្រះសិវៈរាំនឹងមានរូបរាងតាមទម្រង់ដើមវិញនៅឆ្នាំ២០២៥ខាងមុខ និងបើតាមគម្រោងរូបបដិមាដ៏ល្អល្អះនេះនឹងត្រូវដាក់តាំងបង្ហាញជាថ្មី ក្នុងទីតាំងណាមួយក្បែរប្រាសាទក្រហម នៅកោះកេរដដែល។