រដ្ឋាភិបាលកម្ពុជាទើបតែប្រកាសឲ្យអនុវត្តរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលសំដៅ ដល់អ្នកបម្រើសេវាកម្មតាមរង្គសាល ខារ៉ាអូខេ កន្លែងម៉ាស្សា ជាដើម។ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឲ្យដឹងថា ប្រព័ន្ធមូលនិធិសមសុខាភិបាលនេះ នឹងរ៉ាប់រងការព្យាបាលរបស់អ្នកទាំងនោះ នៅមន្ទីរពេទ្យរដ្ឋ។ តាមលោក ចន ណារិទ្ធ ក្រុមអ្នកបម្រើសេវាកម្មតាមខារ៉ាអូខេ រង្គសាល ជាដើមនោះ ងាយប្រឈមនឹងហានិភ័យសុខភាព ដែលរដ្ឋាភិបាលត្រូវផ្តល់ការគាំពារ។