លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្ហើបឲ្យដឹងថា ក្រសួងមហាផ្ទៃកំពុងសិក្សាបង្កើតប្រព័ន្ធផ្ទុកទិន្នន័យបញ្ជីខ្មៅដើម្បីកត់ត្រាអ្នកបើកបរក្នុងស្ថានភាពស្រវឹង រួចបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួស។ ការបង្ហើបរបស់លោក ស សុខាធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានបញ្ជាឲ្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ គ្រោះថ្នាក់ចរាចរណ៍ដែលភាគច្រើនបង្កឡើងដោយអ្នកបើកបរក្នុងស្ថានភាពស្រវឹង។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃពុធ ទី២៤ មករា លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ប្រព័ន្ធផ្ទុកទិន្នន័យបញ្ជីខ្មៅនឹងចេញជារូបរាងឆាប់ៗដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងសង្គម។ តាមលោក ទូច សុខៈ ប្រព័ន្ធផ្ទុកទិន្នន័យបញ្ជីខ្មៅមានមុខងារគ្រប់គ្រងព័ត៌មានជនបង្កគ្រោះថ្នាក់ចរាចរណ៍ក្នុងស្ថានភាពស្រវឹង និងដាក់ទោសទណ្ឌជនបង្កទាំងនោះឲ្យកាន់តែធ្ងន់ធ្ងរតាមផ្លូវច្បាប់។