ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោក គីមសួរ ភីរិទ្ធ ដែលជាអ្នកនាំពាក្យគណបក្សភ្លើងទៀន។ ដំណើរការជំនុំជម្រះនៅតុលាការជាន់ខ្ពស់ ក្នុងបទបរិហារកេរ្តិ៍ ដែលប្តឹងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគណបក្សប្រជាជនកម្ពុជាមកលើលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានបញ្ចប់នៅថ្ងៃទី១៧ខែកម្ភៈនេះ និងត្រូវចេញសេចក្តីសម្រេចនៅថ្ងៃទី២៣ខែកុម្ភៈសប្តាហ៍ក្រោយ។ លោក គីមសួរ ភីរិទ្ធ ដែលជាអ្នកនាំពាក្យគណបក្សភ្លើងទៀន យល់ឃើញថា ដំណើរការជំនុំជម្រះនៅតុលាការកំពូលនៅព្រឹកនេះ គ្មានអ្វីប្លែកពីជំនុំជម្រះនៅតុលាការជាន់ទាបកន្លងមកឡើយ។ តាមលោកអ្នកនាំពាក្យគណបក្សប្រឆាំងនេះ លោក ស៊ុន ឆៃ នៅតែរក្សាជំហរបដិសេធចោលបទចោទដូចដើម។ លោក គីមសួរ ភីរិទ្ធ អះអាងថា គណបក្សភ្លើងទៀនចង់ឱ្យមានវប្បធម៌សន្ទនាជាមួយបក្សកាន់អំណាច នៅមុនការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ។