គណបក្សភ្លើងទៀននៅថ្ងៃទី០៤ ខែតុលានេះ បានប្រកាសស្វាគមន៍លោក គង់ គាំ និងផ្តល់តួនាទីជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀនផងដែរ បន្ទាប់ពីគណៈបក្សឆន្ទៈខ្មែរ ដែលមានលោកជាប្រធានកិត្តិយសនោះ បានចូលរួមក្រោមដំបូលនយោបាយតែមួយជាមួយគណបក្សភ្លើងទៀន។ អតីតស្ថាបនិកគណបក្សជាតិខ្មែរ និងជាអតីតទីប្រឹក្សាជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិរូបនេះ បញ្ជាក់ថាការចូលរួមរបស់គណបក្សឆន្ទៈខ្មែរជាមួយគណបក្សភ្លើងទៀន គឺដើម្បីតស៊ូរួមគ្នាឲ្យមានពហុបក្សនៅក្នុងរដ្ឋសភាឆ្នាំ២០២៣ខាងមុខ។ តាម លោក គង់ គាំ គ្រួសាររបស់លោកអាចនិយាយបានថាជាតំណាងឲ្យគ្រួសារនៅក្នុងសង្គម ខ្មែរ ដែលមានភាពចម្រុះបក្ស ដោយកូនប្រុសទាំងបីរបស់លោក និងលោកជាអ្នកនយោបាយស្ថិតនៅក្នុងគណបក្សផ្សេងៗគ្នា រួមទាំងគណបក្សកាន់អំណាចផងដែរ។