គណៈរដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រនេះបានសម្រេចអនុម័ត និងផ្ដល់អនុសាសន៍ណែនាំមួយចំនួនបន្ថែមលើ «របាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់» ដោយដាក់ឈ្មោះថា«គម្រោងព្រែកជីកហ្វូណនតេជោ»។ លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងថាការបង្កើតឲ្យមានគម្រោងព្រែកជីកដែលមានប្រវែង ១៨០គីឡូម៉ែត្រពីភ្នំពេញទៅកំពតនេះ នឹងធ្វើឲ្យកម្ពុជាចំណេញផ្នែកសេដ្ឋកិច្ចពី២០ ទៅ៣១% ពោលគឺចំណេញពេលវេលា ចំណាយតិច និងមាននីតិវិធីងាយស្រួល។ លោក ហ៊ាង សុទ្ធាយុត្តិ បន្ថែមថាគម្រោងដឹកជញ្ជូនតាមផ្លូវទឹកនេះ នឹងជួយបង្កើតឲ្យមានតំបន់ភស្តុភាកម្មនៅតាមដងព្រែកជីក បង្កើនការងារដល់ពលរដ្ឋ ជួយរក្សាស្ថិរភាពទឹកនៅរដូវប្រាំង និងរដូវវស្សាផងដែរ។