ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា។ នៅថ្ងៃព្រហស្បតិ៍នេះ សមាគមបណ្តាញយុវជនកម្ពុជា បានចេញផ្សាយនូវរបាយការណ៍ប្រចាំខែមីនា ស្តីអំពីការចូលរួមរបស់សហគមន៍ និងយុវជន ដើម្បីការពារនិងអភិរក្សទន្លេមេគង្គផ្នែកខាងលើ ដែលមានភូមិសាស្ត្រក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ លោក ហេង គឹមហុង បញ្ជាក់ថា របាយការណ៍រកឃើញថា ទិន្នផលជីវៈចម្រុះនៅទន្លេមេគង្គផ្នែកខាងលើ មានការថយចុះគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល៥ឆ្នាំនេះ ព្រោះតែកង្វះប្រសិទ្ធិភាពច្បាប់របស់អាជ្ញាធរ។ ដោយឡែកតំបន់ធនធានធម្មជាតិព្រៃឈើវិញ ក៏កំពុងរងការទន្រ្ទានឥតឈប់ឈរ។ បើតាមលោក ហេង គឹមហុង តំបន់ធនធានធម្មជាតិនៅក្នុងខេត្តភូមិភាគឦសាន កំពុងស្ថិតនៅក្នុងសញ្ញាគ្រោះថ្នាក់។