ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ថាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែឧសភាខាងមុខ គណៈកម្មការជាតិរៀបចំការប្រកួតស៊ីហ្គេម នឹងដាក់ឲ្យមានការអនុវត្តគោលការណ៍សំខាន់មួយគឺ«កីឡាគ្មានថ្នាំជក់»។ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថាគោលបំណងនៃការដាក់គោលការណ៍«កីឡាគ្មានថ្នាំជក់» អំឡុងពេលនៃការប្រកួតស៊ីហ្គេមលើកទី៣២នេះ គឺកម្ពុជាមិនចង់ឲ្យព្រឹត្តិការណ៍កីឡាដ៏សំខាន់នេះ ក្លាយទៅជាបរិយាកាសបំពុលដោយផ្សេងបារី ខណៈដែលព្រឹត្តិការណ៍នេះ នឹងមានមនុស្សរាប់ម៉ឺននាក់ចូលរួម។