«ពិព័រណ៍សៀវភៅកម្ពុជាលើកទី៩» បានបិទបញ្ចប់នៅល្ងាចថ្ងៃអាទិត្យនេះហើយ ដែលគេប៉ាន់ស្មានថា មានអ្នកចូលរួមប្រមាណ១០ម៉ឺននាក់។ ប៉ុន្តែនេះនៅមានចំនួនតិចជាងកាលពីឆ្នាំ២០១៩នោះទេ ខណៈខកខានពីរឆ្នាំជាប់គ្នាដោយសារកូវីដ១៩។ លោក ហុក សិទ្ធិ នាយកអង្គការស៊ីប៉ា ដែលជាភាគីមួយបង្កើតព្រឹត្តិការណ៍នេះឡើង នៅតែយល់ថា ពលរដ្ឋខ្មែរនៅមានការចាប់អារម្មណ៍ច្រើនពីការតាំងពិព័រណ៍សៀវភៅ។ តែបើធៀបនឹងប្រទេសក្នុងតំបន់លោកថាអត្រាអ្នកអានសៀវភៅនៅតិចនៅឡើយ។ ជាប្រធានសមាគមបណ្ណារក្សផង លោក សិទ្ធិ លើកឡើងថា សូមកុំយល់ច្រឡំថា ការអានសៀវភៅមានតែជនបរទេសនោះ ពោលការអានសៀវភៅគឺធ្វើឲ្យយើងរីកចម្រើនទាំងអស់គ្នា។