អង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំងហៅកាត់ថា(OIF) បានរៀបចំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមីនានេះ ដោយផ្តោតទៅលើប្រទេសវៀតណាម និងកម្ពុជា។ លោក ឈីវ យីស៊ាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងថាព្រឹត្តិការណ៍បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់អង្គការហ្វ្រង់កូហ្វូនីនេះ មានរយៈពេល៣ថ្ងៃនៅកម្ពុជា គឺចាប់ផ្តើមនៅថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣០ ខែមីនា ដោយមានកិច្ចប្រជុំលើប្រធានបទសេដ្ឋកិច្ច និងវិនិយោគជាច្រើន។ លោកថា បេសកកម្មនេះ មានអត្ថប្រយោជន៍យ៉ាងខ្លាំងដល់កម្ពុជា ដោយកម្ពុជាមានឱកាសបង្ហាញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានធ្វើជាមួយប្រទេសមួយចំនួន និងតំបន់ និងជាឱកាសលើកឡើងពីច្បាប់វិនិយោគថ្មីរបស់កម្ពុជាដល់អ្នកវិនិយោគហ្វ្រង់កូហ្វូនីផងដែរ។