ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនាថ្ងៃនេះ គឺលោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិអង្គការចិត្តសង្គមអន្ដរវប្បធម៌ ហៅកាត់ថា TPO។ មូលនិធិ Raymon Magsaysay នៅថ្ងៃទី៣១ ខែសីហានេះ បានប្រកាសផ្ដល់ពានរង្វាន់ Raymon Magsaysay ឬហៅម្យ៉ាងទៀតថា «ពានរង្វាន់ណូបែលអាស៊ី» លើកទី៦៤ ឆ្នាំ២០២២ ដល់លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា។ សម្រាប់លោកវេជ្ជបណ្ឌិត ពានរង្វាន់នេះ គឺជាការលើកទឹកចិត្តដ៏មហិមាសម្រាប់រូបលោក ដែលបានចំណាយពេលសិក្សា និងបម្រើការងារនៅក្នុងវិស័យពិគ្រោះនិងព្យាបាលអ្នកជំងឺផ្លូវចិត្តនៅកម្ពុជាអស់រយៈពេល៣ទសវត្សមកហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែងរបស់លោកតែម្នាក់ឯងមិនទាន់គ្រប់គ្រាន់ទេ។ លោកវេជ្ជបណ្ឌិតចង់ឃើញសង្គមខ្មែរ រួមគ្នាផ្តោតការយកចិត្តទុកដាក់លើជំងឺផ្លូវចិត្ត និងជាពិសេស ទៅថ្ងៃមុខ លោកសង្ឃឹមថារដ្ឋាភិបាលនឹងអាចពិចារណាផ្ដល់ការធានារ៉ាប់រងសុខភាពផ្លូវចិត្តដល់ពលរដ្ឋផងដែរ។