នៅក្នុងជំនួបជាមួយកម្មករនៅឯខណ្ឌពោធិ៍សែនជ័យនាព្រឹកថ្ងៃអង្គារទី១៣ ខែមិថុនានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានលើកឡើងទាក់ទងទៅនឹងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដោយតម្រូវឲ្យអ្នកដែលចង់ឈរឈ្មោះឲ្យគេបោះឆ្នោត ត្រូវតែទៅបោះឆ្នោតលើកដំបូង។ បើពុំដូច្នោះទេ នឹងមិនមានសិទ្ធិឈរឈ្មោះជាបេក្ខជនឲ្យគេបោះឆ្នោតទេនៅពេលក្រោយ ដោយរាប់តាំងពីការបោះឆ្នោតតំណាងរាស្ត្រ បោះឆ្នោតព្រឹទ្ធសភា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាដើម។ លោក កន សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែលបានថ្លែងថាលោកមិនធ្វើការវាយតម្លៃអំពីផលប៉ះពាល់យ៉ាងណាទេចំពោះគម្រោងធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ ក៏ប៉ុន្តែលោកមានទស្សនៈលើចំណុចមួយចំនួន ក្នុងនោះប្រសិនបើរដ្ឋធ្វើច្បាប់តម្រូវឲ្យពលរដ្ឋទៅបោះឆ្នោតដូច្នេះ ដើម្បីបានឈរឈ្មោះឲ្យគេបោះឆ្នោតនៅពេលក្រោយ នោះរដ្ឋគួរតែផ្តល់កាតព្វកិច្ចដល់ពលរដ្ឋវិញផងដែរ។ តាមយោបល់លោក គឺជាការផ្តល់កាតព្វកិច្ចឲ្យពលរដ្ឋនៅបរទេសអាចបោះឆ្នោតនៅក្រៅប្រទេសបាន។