គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃចន្ទម្សិលមិញ បានជួបពិភាក្សាជាមួយតំណាងគណបក្សនយោបាយចំនួន១៧ លើប្រធានបទដែលនឹងត្រូវផ្សព្វផ្សាយគោលនយោបាយ និងធ្វើការចាប់ឆ្នោតយកលំដាប់លេខរៀងថត និងចាក់ផ្សាយគោលនយោបាយ ដែលនឹងត្រូវផ្សព្វផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងព្រឹត្តិបត្រព័ត៌មានរបស់ គ.ជ.ប ក្នុងពេលឃោសនាបោះឆ្នោតខាងមុខជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខ។ លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខំហ្វ្រែល បានហៅជំនួបជជែកគ្នានេះថា គឺជារឿងដ៏ល្អ និងតម្លាភាព។ ក៏ប៉ុន្តែលោក កន សាវាង្ស នៅតែមានការព្រួយបារម្ភមួយចំនួនដូចជាច្បាប់បោះឆ្នោត ការអនុវត្តតួនាទីមន្ត្រីរាជការ ច្បាប់ និងនីតិវិធីនៃការរំលាយគណបក្សនយោបាយជាដើម។