រដ្ឋបាលសាលារាជធានីភ្នំពេញ តែងជូនដំណឹងជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលខកខានមិនបានបង់ថ្លៃសេវាប្រមូលសំរាម ឲ្យទៅបង់សេវានេះឲ្យបានរួសរាន់តាមរយៈប្រព័ន្ធអេឡិចត្រូនិក(តាមទូរស័ព្ទដៃ) ឬតាមធនាគារជាដៃគូចំនួន២០។ ការរំលឹកនេះក៏បានរំលេចពីការព្រមានបញ្ចេញឈ្មោះជាសាធារណៈតាមបណ្តាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា ប្រសិនបើអ្នកប្រើប្រាស់សេវាមិនព្រមទៅបង់ថ្លៃសេវាប្រមូលសំរាម។ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ថាដើម្បីដោះស្រាយលើបញ្ហាសេវាប្រមូលសំរាម សាលារាជធានីភ្នំពេញ នឹងបង្កើតក្រុមហ៊ុនរដ្ឋមួយដើម្បីគ្រប់គ្រងដោយឡែកលើសេវាប្រមូលសំរាម ដោយបច្ចុប្បន្នសាលារាជធានីកំពុងសរសេរលក្ខន្តិកៈ និងលិខិតបទដ្ឋានផ្សេងៗ ពាក់ព័ន្ធរវាងសហគ្រាសរដ្ឋ និងប្រជាពលរដ្ឋដែលជាអ្នកទទួលសេវា។