ទឹកប្រាក់ជាង១លានដុល្លារ ត្រូវបានប្រើប្រាស់សម្រាប់ដំណើរការសាងសង់រូបបដិមាព្រះថោង-នាងនាគ ដែលត្រូវបានអភិសេកនៅថ្ងៃទី១៦ខែមេសានេះ។ លោក លី រស្មី អនុរដ្ឋលេខាធិការនៃក្រសួងដែនដីនគររូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថា បដិមាព្រះថោង-នាងនាគ ជារូបសំណាកធំជាងគេនៅកម្ពុជាជាមួយនឹងទម្ងន់៦០តោន។ បើតាមអ្នកជំនាញរូបនេះ ក្រៅពីរូបបដិមាព្រះថោង-នាងនាគ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ គ្រោងដាក់តាំងរូបសំណាកមួយចំនួនទៀតដូចជាៈបដិមា ព្រះវិស្ណុ និងព្រះនាងឧមាភគវតី ឬហៅថា ឧមាមហេស្វរៈ និងបដិមា សីហរាជមុខ៣។ ក្រៅពីក្រុងព្រះសីហនុ ស្ថាបត្យកររូបនេះសង្ឃឹមថា រដ្ឋាភិបាលនឹងមានគម្រោងសាងសង់រូបសំណាកបុព្វបុរសខ្មែរផ្សេងទៀតដើម្បីដាក់តាំងបង្ហាញឲ្យបានច្រើនក្នុងប្រទេសកម្ពុជា។