នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ អាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមពីមហាជន និងសិស្សានុស្សិសប្រមាណជិត១ពាន់នាក់ បានធ្វើពិធីដង្ហែរក្បួនព្យុះហយាត្រានៅតំបន់អង្គរ ដើម្បីរំលឹកគុណដល់ប្រាសាទអង្គរវត្ត។ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានថ្លែងថា កម្មវិធីរយៈពេល៣ថ្ងៃនេះ គឺដើម្បីអបអរដល់ខួប៣០ឆ្នាំ នៃតំបន់អង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាការរំលឹកដល់បុព្វបុរសខ្មែរ ដែលបានចំណាយញើសឈាមកសាងប្រាសាទអង្គរនេះឡើង ហើយបន្សល់ទុកជាកេរ្តិ៍ដំណែលមិនអាចកាត់ថ្លៃបានដល់កូនខ្មែរជំនាន់ក្រោយ។ តាមលោក ឡុង កុសល អង្គរបានជួយដល់សេដ្ឋកិច្ចខ្មែរយ៉ាងច្រើន ដោយប្រៀបបាននឹងអណ្តូងប្រេងដែលបូមមិនចេះរីងស្ងួត ឬប្រៀបដូចជាមេមាន់ដែលមានពងមាស។