ជាការកត់សម្គាល់រៀងរាល់ឆ្នាំប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួននៃរាជធានីភ្នំពេញ ចាប់ផ្តើមខ្វះខាតទឹកស្អាតប្រើប្រាស់ នៅពេលរដូវប្រាំងឈានចូលមកដល់។ បច្ចុប្បន្នភាពនៅឆ្នាំនេះ នៅតំបន់ខ្លះសម្ពាធទឹកចាប់ផ្តើមចុះខ្សោយជាបណ្តើៗ ខណៈដែលប្រទេសកម្ពុជាកំពុងឈានចូលមាត់ច្រកនៃរដូវប្រាំង។ ក៏ប៉ុន្តែ លោក ឡុង ណារ៉ូ អគ្គនាយកនៃរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញបញ្ជាក់ថាចាប់ពីខែឧសភា ឆ្នាំ២០២៣នេះទៅ នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នឹងលែងមានកង្វល់រឿងខ្វះទឹកស្អាតប្រើប្រាស់ទៀតហើយ។ លោកអគ្គនាយកបញ្ជាក់ថារោងចក្រផលិតទឹកស្អាតបាក់ខែង នឹងចាប់ដំណើរការដំណាក់កាលទី១នៅខែឧសភា រួមនឹងសមត្ថភាពផលិតដែលមានស្រាប់ ធ្វើឲ្យការផលិតទឹកស្អាតសរុបអាចឆ្លើយតបទៅនឹងតម្រូវការទឹកប្រចាំថ្ងៃ គឺចំនួន ៨សែនម៉ែត្រគូប។