បន្ទាប់ពីប្រកាសបិទអស់រយៈពេល២ឆ្នាំកន្លងទៅ ដើម្បីការពារាការឆ្លងជំងឺកូវីដ-១៩ ច្រកទ្វារព្រំដែនប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិដទៃទៀត នៅមិនទាន់ប្រាកដថាភាគីខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នឹងគ្រោងបើកឡើងវិញនៅពេលណានៅឡើយ។ ក៏ប៉ុន្តែដំណឹងនៃការបើកឡើងវិញនេះ ត្រូវបានបណ្តាញសង្គមនានាបង្ហោះតៗគ្នា ខណៈដែលអាជ្ញាធរខេត្តបន្ទាយមានជ័យបញ្ជាក់ថា ការបើកច្រកទ្វារព្រំដែនឡើងវិញនេះ នៅមិនទាន់មានការសម្រេច និងផ្តល់ដំណឹងពីភាគីថៃនៅឡើយទេ។ ទោះយ៉ាងណាមន្ត្រីផ្នែកពលករទេសន្តប្រវេសន៍នៃអង្គការសង់ត្រាល់ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន បានកត់សម្គាល់ថាការបើកច្រកទ្វារព្រំដែនកម្ពុជាថៃឡើងវិញកាន់តែឆាប់ នឹងជួយទៅដល់ផ្នែកសេដ្ឋកិច្ច និងការចេញចូលថៃ-កម្ពុជា របស់ពលករខ្មែរដោយស្របច្បាប់ និងមិនមានការខាតបង់។