ស្ថានការណ៍នយោបាយបច្ចុប្បន្ន ត្រូវបានអ្នកតាមដានសង្គមកត់សម្គាល់ថា កំពុងតែឡើងកម្តៅជាថ្មីនៅមុនការបោះឆ្នោតថ្នាក់ជាតិជិតមកដល់។ យ៉ាងណាសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ បានថ្លែងសារនយោបាយជាថ្មី ដោយប្រាប់ទៅបណ្តាមន្ត្រីគណបក្សសង្រ្គោះជាតិ ឲ្យដកខ្លួនចេញពីលោក សម រង្ស៊ី នោះនឹងអាចត្រលប់ចូលប្រទេសកម្ពុជាវិញ ដោយគ្មានទោសទណ្ឌ។ លោក ម៉ែន សុថាវរិន្ទ្រ អតីតអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាម របស់បក្សសង្គ្រោះជាតិ យល់ថា ការលើករបស់លោក ហ៊ុន សែន ជាការបើកផ្លូវរកការចរចាជាថ្មីរវាងគណបក្សកាន់អំណាចជាមួយនឹងគណបក្សសង្រ្គោះជាតិ។ តែយ៉ាងណាជំហររបស់ក្រុមមន្ត្រីដែលកំពុងនិរទេសនៅក្រៅប្រទេស គឺត្រូវតែមានវត្តមានលោក សម រង្ស៊ី មកជាមួយ ទើបពួកគេត្រលប់ចូលកម្ពុជាវិញ។