អស់រយៈពេល១សប្តាហ៍ចុងក្រោយនេះ ភ្លៀងបានធ្លាក់នៅក្នុងកំរិតមួយខ្ពស់ ជាពិសេសនៅលើភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខណៈដែលប្រទេសកម្ពុជាពេលនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលនៃរដូវប្រាំង។ ការធ្លាក់ភ្លៀងយ៉ាងគំហុករហូតទៅដល់កំរិត ៣០០មីលីម៉ែត្រនេះ ធ្វើឲ្យតំបន់១ចំនួននៃខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងជាយក្រុងភ្នំពេញខ្លះ រងនូវការលិចលង់ ដែលមិនដែលធ្លាប់មាន។ លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជាអ្នកជំនាញផ្នែកឧត្តុនិយម និងធនធានទឹកបានកត់សម្គាល់ថា ជំនន់រដូវប្រាំងនេះ មានលក្ខណៈចំលែក ខុសរដូវ ដែលលោកសន្និដ្ឋានថា វាបណ្តាលមកពីកត្តានៃការប្រែប្រួលអាកាសធាតុ ការឡើងកំដៅនៃភពផែនដី ទើបបង្កឲ្យមានភ្លៀងធ្លាក់ដូច្នេះ។ លោកថាបាតុភូតនេះ ទំនងមិនមែនជាវដ្តដូចជារដូវវស្សានោះទេ ខណៈទសវត្សរ៍ឆ្នាំ៥០ ខេត្តកំពង់ស្ពឺធ្លាប់មានជំនន់រដូវប្រាំងម្តង។