ក្រសួងការបរទេសអាមេរិកបានប្រកាសផ្តល់ពានរង្វាន់ អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ទៅកញ្ញា ឈឹម ស៊ីថរ ដែលជាមេសហជីពមួយរូប និងកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ។ លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងថា ពាន់រង្វាន់នេះគឺជាការផ្តល់តម្លៃខ្ពស់ សម្រាប់អ្នកការពារសិទ្ធិមនុស្ស តាមរយៈសកម្មភាពដែលកញ្ញា ឈឹម ស៊ីថរ បានលះបង់នាពេលកន្លងមក។ លោកបន្តថា នេះក៏ជាពានរង្វាន់មួយ ដែលលើកទឹកចិត្តដល់អ្នកការពារសិទ្ធិមនុស្សដទៃទៀត មិនត្រឹមតែកញ្ញា ឈឹម ស៊ីថរ ប៉ុណ្ណោះទេ។ បើតាមលោក នី សុខា ចង់ឬមិនចង់ ការផ្តល់ពានរង្វាន់ដល់ កញ្ញា ឈឹម ស៊ីថរ អាចមានឥទ្ធិពលខ្លះទៅលើការសម្រេចរបស់តុលាការ ក្នុងការពិចារណា ដោះលែង និងទម្លាក់ចោលការចោទប្រកាន់មកលើកញ្ញា។