តុលាការបានបើកសវនាការរហូតដល់យប់ថ្ងៃពុធនេះ លើសំណុំរឿង លោក កឹម សុខា។ ជាសវនាការលើកទី៦៣ហើយ ដើម្បីឲ្យភាគីទាំងសង្ខាងធ្វើសេចក្តីសន្និដ្ឋានចុងក្រោយលើបទចោទ«សន្និទិភាពជាមួយ»ឬឃុបឃិតជាមួយបរទេស។ មានចំណុចសំខាន់មួយចំនួនដែលអ្នកសង្កេតការណ៍បានកត់សំគាល់ គឺការស្នើពីតំណាងអយ្យការឲ្យឃាត់ខ្លួន លោក កឹម សុខា ឡើងវិញ ខណៈមេធាវីការពាររដ្ឋាភិបាលថ្លែងថាខ្លួនត្រៀមធ្វើបណ្តឹងទាមទារសំណងជំងឺចិត្តពីលោក កឹម សុខា។ សម្រាប់ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី សុខា កត់សំគាល់ថា ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិកំពុងដាក់ក្រសែភ្នែកតាមការកាត់ក្តីនេះ ហើយថា ករណីនេះគួរតែត្រូវដោះស្រាយដើម្បីឆ្លើយតបនឹងការបោះឆ្នោត២០២៣។