លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៦ ខែមករា ស្នើឲ្យក្រសួងហៅអ្នកសារព័ត៌មានអនឡាញទៅអប់រំក្រមសីលធម៌វិជ្ជាជីវៈ ក្រោយពីមានករណីជម្លោះអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូក្នុងគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ។ ចំពោះ លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថា ខេមបូចា បានបង្ហាញការយល់ឃើញរបស់លោកថា បច្ចុប្បន្ននេះគួរតែដល់ពេលរៀបចំបង្កើតយន្តការឯករាជមួយ ឬជាក្រុមប្រឹក្សាសារព័ត៌មានជាតិ ដែលមានប្រសិទ្ធភាពនៅក្នុងការជួយអប់រំបណ្តុះបណ្តាល ពិនិត្យតាមដានឃ្លាំមើលចំពោះការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន។ ប៉ុន្តែបើតាមលោកណុប វី អង្គការសមាគមអ្នកសារព័ត៌មាននៅក្នុងស្រុកទាំងអស់គួរតែជួបជជែកគ្នា ដើម្បីឯកភាពគ្នាក្នុងការរៀបចំបង្កើតក្រុមប្រឹក្សានេះឡើង។