អង្គការសង្គមស៊ីវិលបានចាប់ផ្តើមធ្វើយុទ្ធនាការតាមបណ្តាញសង្គមដើម្បីបង្ហាញពីការធ្វើកូដកម្មរបស់បុគ្គលិកដែលក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់ពីការងារ។ យុទ្ធនាការនេះធ្វើ៣ថ្ងៃមុន ទិវាពលកម្មអន្តរជាតិមកដល់ដែលអ្នកធ្វើយុទ្ធនាការចាត់ទុកវិវាទនេះគឺជាប្រធានបទសំខាន់មួយ។ លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ ក្នុងចំណោមអង្គការផ្សេងទៀត លើកឡើងថាវិវាទការងារដែលអូសបន្លាយជាងមួយឆ្នាំនេះ គួរត្រូវបានដោះស្រាយបញ្ចប់មុនការបោះឆ្នោត។ លោកយល់ថា ប្រសិនបើនៅតែអូសបន្លាយ នោះនឹងមានសម្ពាធផ្សេងៗធ្លាក់មក ខណៈការបោះឆ្នោតជិតមកដល់។