បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដាក់បទបញ្ជាឲ្យពិនិត្យមើលឡើងវិញនូវបញ្ហាចរាចរណ៍ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបានចាប់ផ្តើមបើកយុទ្ធនាការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជាពិសេសការត្រួតពិនិត្យជាតិស្រវឹងនៅរាត្រីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ ជាការត្រួតពិនិត្យក្រោយសោកនាថកម្មគ្រោះថ្នាក់ចរាចរណ៍កាលពីសប្តាហ៍មុន ដែលធ្វើឲ្យមនុស្ស៤នាក់ស្លាប់ ដោយសារជនបង្កបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសុក្រ ទី២៦ ខែមករានេះ លោក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថាយុទ្ធនាការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ត្រូវបានអនុវត្តទាំងថ្ងៃទាំងយប់ ដោយមិនបានប្រាប់ជាមុន និងគ្មានពេលកំណត់។ ជាលទ្ធផល ការត្រួតពិនិត្យទាំង១៤ខណ្ឌព្រមគ្នា នៅភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សមត្ថកិច្ចរកឃើញអ្នកល្មើសច្បាប់ចរាចរណ៍មួយចំនួន ក្នុងនោះក៏មានអ្នកបើកបរមានគ្រឿងស្រវឹងផងដែរ។