នៅក្នុងជំនួបរវាងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក ប្រាជ្ញ ចន្ទ និងលោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាថ្ងៃសុក្រនេះ ភាគីទាំងពីរបានផ្តោតសំខាន់ទៅលើចំណុចចំនួន៥ ដែលក្នុងនោះមាន គោលការណ៍តម្លាភាព ការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ការចូលរួមរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ការទទួលនិងដោះស្រាយបណ្ដឹងដោយតម្លាភាព និងការបង្កើតការិយាល័យបោះឆ្នោតនៅក្រៅប្រទេស។ លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ជាក់ថា គ.ជ.ប នៅតែគោរពទៅតាមច្បាប់ ដោយច្បាប់មិនអនុញ្ញាតឲ្យមានការបង្កើតការិយាល័យរៀបចំការបោះឆ្នោតនៅក្រៅប្រទេសឡើយ ខណៈដែលពលរដ្ឋខ្មែរចំណាកស្រុកនៅក្រៅប្រទេសមានរហូតដល់ជាង១លាននាក់។