នៅថ្ងៃទី០៨ ខែធ្នូនេះ គឺជាថ្ងៃចុងក្រោយនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២២នេះ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ដំណើរការការងារនេះអស់រយៈពេល៥០ថ្ងៃកន្លងទៅ។ លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងថាដំណើរការចុះឈ្មោះបោះឆ្នោត និងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន ខណៈដែលអ្នកចុះឈ្មោះបោះឆ្នោតមានចំនួនប្រមាណ៥៨ម៉ឺននាក់ ពោលគឺច្រើនជាងការរំពឹងទុក។ ចំពោះការលុបឈ្មោះអ្នកបោះឆ្នោតប្រមាណជាង២៥ម៉ឺននាក់ពីបញ្ជីឈ្មោះបោះឆ្នោតវិញ លោក សោម សូរីដា បញ្ជាក់ថាវាស្ទើរតែសមាមាត្រគ្នារវាងអ្នកដែលត្រូវលុបឈ្មោះបោះឆ្នោតនៅឃុំ-សង្កាត់ចាស់ ហើយទៅចុះឈ្មោះនៅឃុំ-សង្កាត់ថ្មី ដែលមានជាង១៧ម៉ឺននាក់ ដោយមិនទាន់គិតពីអ្នកទទួលមរណភាពនៅឡើយ។