មូលនិធិសប្បុរសធម៌ដើម្បីកុមារនៅជនបទទើបបង្កើតបានបណ្ណាល័យមួយនៅបឋមសិក្សាអាវឡាតាន់ដែលជាតំបន់ដាច់ស្រយាលលើដែនកោះក្នុងខេត្តកោះកុង។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៣ កុម្ភៈនេះ លោក ស្រ៊ឹង ឆវ័ន្ត តំណាងមូលនិធិសប្បុរសធម៍ដើម្បីកុមារនៅជនបទបានបញ្ជាក់ថា គំនិតផ្តួតផ្តើមបង្កើតបណ្ណាល័យនេះឡើងក្រោយពីមើលឃើញថា តំបន់កោះកុងក្រៅដែលល្បីឈ្មោះផ្នែកវិស័យទេសចរណ៍បានចុះខ្សោយផ្នែកវិស័យអប់រំដោយកុមារភាគច្រើនបានបោះបង់ចោលការសិក្សា។ តាមលោក ស្រឹង ឆវ័ន្ត បណ្ណាល័យដែលទើបបង្កើតឡើងនេះនឹងជួយឱ្យកុមារនៅតំបន់នោះចាប់ផ្តើមស្រលាញ់សៀវភៅ និងផ្តល់តម្លៃការសិក្សា។