ដោយសារឥទ្ធិពលអាកាសធាតុ រយៈពេលជាងមួយសប្តាហ៍កន្លងទៅនេះ កម្ពស់ទឹកស្ទឹងសែនបានហក់ឡើងដល់ចំណុចប្រកាសអាសន្ន ដែលធ្វើឲ្យក្រុង-ស្រុកចំនួន៩ ស្ថិតនៅតាមដងស្ទឹងសែននៃខេត្តកំពង់ធំរងការលិចលង់យ៉ាងខ្លាំង។ លោក សុខ ហៃ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ធំ បានប្រាប់វិទ្យុបារាំង RFI ថា ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ បានរងផលប៉ះពាល់ និងលិចលង់ស្រូវជាង១ម៉ឺនហិចតា។ លោកថា អាជ្ញាធរកំពុងបន្តអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដោយមានការជន្លៀសទៅកាន់ទីទួលសុវត្ថិភាព និងផ្តល់ស្បៀងសង្គ្រោះបន្ទាន់ផងដែរ ខណៈមានអ្នកស្លាប់ដោយទឹកជំនន់ចំនួន៣នាក់។