ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះគឺលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ ទើបតែបញ្ចប់សិក្ខាសាលាអប់រំមន្ត្រី ស្តីពី «ការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល»។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ពន្យល់ថា សិក្ខាសាលានេះធ្វើឡើង ដើម្បីបញ្ជ្រៀបចំណេះដឹង គោលនយោបាយបក្ស ដល់យុវជនបន្តវេន ដើម្បីឲ្យការផ្សព្វផ្សាយដល់ពលរដ្ឋមូលដ្ឋានមានប្រសិទ្ធភាព។ តាមលោក សុខ ឥសាន បក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្នកំពុងដើរឲ្យទាន់នូវប្រព័ន្ធបច្ចេកវិទ្យាផ្សព្វផ្សាយបែបឌីជីថល ដើម្បីឈានទៅរកការឈ្នះឆ្នោតបន្តនៅឆ្នាំ២០២៣ខាងមុខ។ ជាមួយគ្នានេះ លោក ថា បក្សកាន់អំណាចតែងតែបើកទូលាយចំពោះសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ដែលស្របទៅតាមច្បាប់កំណត់ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។