លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបើកសន្និសីទ«ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២»កាលពីសប្តាហ៍មុន បានប្រកាសគម្រោងផ្តល់សាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ពីអតិផរណាប្រមាណ ៦០ម៉ឺន គ្រួសារ ដែលរួមមានប្រជាជនប្រមាណ ២លាននាក់។ លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការ បានថ្លែងថាក្រុមការងាររបស់លោកកំពុងបំពេញការងារនេះយ៉ាងសកម្ម។ លោក ថេង បញ្ញាធន ពន្យល់ថាពលរដ្ឋដែលអាចទទួលបានកញ្ចប់ជំនួយសង្គមពីផលប៉ះពាល់អតិផរណានេះ លុះត្រាតែជាប្រជាជនដែលមានបណ្ណស្នាក់នៅ ឬសៀវភៅគ្រួសារនៅក្នុងតំបន់មួយដូចជាខេត្តណាមួយជាដើម ហើយមានមុខរបរនៅក្នុងតំបន់ដែលខ្លួនស្នាក់នៅនោះ។ លោកថា នីតិវិធីនៃការផ្តល់ថវិកាដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយអតិផរណា ខុសគ្នាពីពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។