ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៦ ខែឧសភាខាងមុខ ខណៈកម្មវិធីបិទកីឡាស៊ីហ្គេមផ្លូវការនៅកម្ពុជានឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣(CAMSOC) បានវាយតម្លៃបឋមថាកម្ពុជាទទួលបានលទ្ធផលល្អលើសពីការគ្រោងទុក។ តាមគម្រោងកម្ពុជារំពឹងថានឹងឈ្នះមេដាយមាសពី៥០ ទៅ៦០មេដាយ។ ក៏ប៉ុន្តែពេលនេះ កម្ពុជាបានឈ្នះមាសដល់ទៅជាង៦០មេដាយ។ លោក វ៉ាត់ ចំរើន បានរំពឹងថាបើកម្ពុជាអាចឈ្នះមេដាយមាសបន្ថែមស្មើ ឬលើសឥណ្ឌូនេស៊ី នោះកម្ពុជានឹងបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នេះ ជាប្រវត្តិសាស្ត្រ។