ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺ លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា។ នៅមួយរយៈពេលចុងក្រោយនេះ កម្ពុជាបានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ១៩ប្រភេទអូមីក្រុងនៅក្នុងសហគមន៍រាប់រយនាក់ជាប្រចាំថ្ងៃ តាមការធ្វើតេស្ត PCR។ លោកវេជ្ជបណ្ឌិត នុត សម្បត្តិ លើកឡើងថា បើគិតទាំងការធ្វើតេស្តរហ័សទៀតនោះ កម្ពុជាកំពុងរកឃើញអ្នកឆ្លងអូមីក្រុងរាប់ពាន់នាក់ជាប្រចាំថ្ងៃនេះ។ លោកថា នេះជាសញ្ញាមួយដែលគួរឲ្យព្រួយបារម្ភ ហើយទាមទារឲ្យមានការពង្រឹងវិធានសុខាភិបាលបន្ថែម។