ក្រុមការងារអន្តរក្រសួង ដែលដឹកនាំដោយក្រសួងវប្បធម៌នៅថ្ងៃព្រហស្បតិ៍នេះ បានបើកកិច្ចប្រជុំជុំវិញការ បង្ហាញភាពស៊ិចស៊ី ដែលបានកើតឡើងតាមរយៈការប្រលងបវរកញ្ញា Miss Grand Cambodia រៀបចំឡើងដោយក្រុមហ៊ុនមហាហង្សកាលពីពេលថ្មីៗនេះ។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលស្គាល់ថាប្រតិកម្មរបស់មហាជនជុំវិញការប្រលងបវរកញ្ញា ដែលមានគ្រងឈុតស៊ិចស៊ី ក៏ដោយសារតែពួកគាត់មានការយកចិត្តទុកដាក់ យល់ដឹង និងស្រលាញ់វប្បធម៌ជាតិ។ តាមលោកស្រីរដ្ឋមន្ត្រី មហាជនគឺជាភ្នែកជាច្រៀករបស់ស្ថាប័នរដ្ឋ ជួយណែនាំគ្នានៅពេលដែលមានការខុសឆ្គង និងជួយលើកទឹកចិត្តគ្នានៅពេលដែលមានស្នាដៃសម្រេចថ្មី។