ក្រសួងអប់រំ យុវជន និងកីឡា នៅនេះកំពុងត្រៀមប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបសម្រាប់ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញនិងខេត្តកណ្តាល។ ជាលទ្ធផល បេក្ខជនប្រឡងជាប់មានចំនួន ៧២.៨៩% ខណៈសិស្សជាប់និទ្ទេសAវិញមានដល់ទៅ១៦៧៣នាក់។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ គូសបញ្ជាក់ថា លទ្ធផលនេះបានបង្ហាញពីភាពជោគជ័យនៃការខិតខំប្រឹងប្រែងរបស់គ្រូនិងសិស្សកន្លងមក ដោយមិនមែនដោយសារតែវិញ្ញាសារប្រឡងឆ្នាំនេះស្រួលនោះឡើយ។ ដោយឡែក ចំពោះសិស្សដែលប្រឡងធ្លាក់ ក្រសួងអប់រំមិនលើកទឹកចិត្តឱ្យយុវជនតវ៉ាចំពោះលទ្ធផលប្រឡងឡើយ ព្រោះថាការប្រឡងបាក់ឌុបនេះ ពិតជាប្រព្រឹត្តទៅតាមគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលទទួលយកបាន។